ខេត្តពោធិ៍សាត់ ៖ យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ៥២៦ ឃ.ខ/២៣ ចុះថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ចេញដោយលោក ឡុញ ច័ន្ទចេតនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធានាដល់កិច្ចស៊ើបសួរឲ្យបានល្អ បានបង្គាប់ឲ្យឃុំខ្លួនឈ្មោះ អុី សុភា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ ទីកន្លែងកំណើត ភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ទោសពីមុន គ្មាន ពីបទៈ លួច ប្រព្រឹត្ត នៅភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ បទល្មើស ដែលមានចែង និងផ្ដន្ទាទោសតាមមាត្រា ៣៥៣.៣៥ នៃក្រមព្រហ្មទណ្ឌ ដូច្នេះសម្រេច បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកំលាំងសាធារណៈនាំជនត្រូវចោទ ទៅពន្ធនាគារឬមណ្ឌលឃុំខ្លួនខេត្តពោធិ៍សាត់ បង្គាប់មកលោកប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ទទួល និងឃាត់ខ្លួនឈ្មោះខាងលើនេះបណ្ដោះអាសន្ន ឬរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។
ដោយឡែក ដីកាបង្គាប់ឲ្យខ្លួនបណ្ដោះអាសន្នដែរ លេខ២៥៨ ឃ.ខ/២៣ ចុះថ្ងៃខែដដែល របស់ចៅក្រមស៊ើបសួរ លោក ឡុញ ច័ន្ទចេតនា ដែរនោះ ដើម្បីធានាដល់កិច្ចស៊ើបសួរឲ្យបានល្អ បានបង្គាប់ឲ្យឃុំខ្លួនឈ្មោះ វុធ សាណុក ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទោសពីមុន គ្មាន ពីបទៈ លួច ប្រព្រិត្ត នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នេះ បទល្មើស ដែលមានចែង និងផ្ដន្ទាទោសតាមមាត្រា៣៥៣.៣៥៦ នៃក្រមព្រហ្មទណ្ឌ ទើបសម្រេចបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកំលាំងសាធារណៈនាំជនត្រូវចោទ ទៅពន្ធនាគារឬមណ្ឌលឃុំខ្លួនខេត្តពោធិ៍សាត់ ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ទទួល និងឃុំខ្លួនឈ្មោះខាងលើនេះបណ្ដោះអាសន្ន ឬរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។
បញ្ហាលោកចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទ ពីបទៈ លួច ២ករណីផ្សេងគ្នាខាងលើនេះ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងទៀតថា កាលពីរំលងអាធ្រាត្រ ថ្ងៃទី២៤ ខែមិថុនា កន្លងទៅថ្មីៗនេះ ឈ្មោះ អុី សុភា បានជិះម៉ូតូម្ដាយពីក្រុងពោធិ៍សាត់ ទៅលួចធុងខ្យល់(ដែក)របស់ឈ្មោះ រុន វ័ន ភេទប្រុស អាយុ ៦០ឆ្នាំ នៅស្រុកភ្នំក្រវាញ ក្រោយធ្វើសកម្មភាពបានសម្រេចហើយនោះ បានដឹកទៅទំលាក់ទុកក្បែរបងបន្ទប់ជួលក្នុងហាងខារ៉ាអូខេ លុះព្រឹកឡើងថ្ងៃដដែលជននេះបានជិះម៉ូតូទៅប៉ះកង់ ពេលត្រឡប់មកវិញក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
លោក ស្នងការរងបញ្ជាក់បន្ថែមទៀតថា ចំណែក ឈ្មោះ វុធ សាណុក កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃ២៥ ខែមិថុនា នេះ បានទៅលួចមេក្របី១ក្បាលពីក្នុងក្រោល របស់ឈ្មោះ ភិន គៀប ភេទប្រុស អាយុ ២០ឆ្នាំ ក្រោយធ្វើសកម្មភាពបានសម្រេច បានយកក្របី១ក្បាលនេះទៅចងវាលស្រែក្បែផ្ទះអ្នកភូមិ លុះភ្លឺឡើងជននេះដើរពពាយនាយលក់ ក៍ត្រូវសមត្ថកិច្ចឃាត់ចាប់ខ្លួនតែម្ដង បញ្ជាក់ៈ ល្ងាចមុនធ្វើសកម្មភាព(វុធ សាណុក)បានទៅជួបម្ចាស់ក្របី(ភិន គៀប)ស្គាល់ គ្នា ឲ្យជួយរកខ្ចីលុយគេឲ្យខ្លួនចំនួន២.០០០.០០០៛(ពីរលានរៀល)ប៉ុន្តែឈ្មោះ ភិន គៀប បដិសេធ ក៏កើតរឿងបែបនេះតែម្ដង ៕
Comment