ពោធិ៍សាត់៖ ជនសង្ស័យ ០១នាក់ ប្រើប្រាស់អាវុធខុសច្បាប់ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពប្រើប្រាស់អាវុធខុសច្បាប់ បង្កកាពភ័យខ្លាច អសន្តិសុខ ក្នុងមូលដ្ឋាន កាលពីវេលាម៉ោង ០២និង២០នាទី ទាបភ្លឺ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ក្រោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ បានទទួលព័ត៌មានពីលោក ឌិន ឌឿន ជាមេភូមិស្ទឹងថ្មី ឃុំប្រម៉ោយថា មានការប្រើប្រាស់អាវុធខុសច្បាប់ នៅចំណុចម៉ុងរី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំតាមលំដាប់ថ្នាក់ នឹងបានចេញប្រតិបត្តិការបង្ក្រាបករណីខាងលើ នៅវេលាម៉ោង ១៣និង០២នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅពេលកម្លាំងនគរបាលស្រុក ចុះទៅដល់កន្លែងទីតាំងកើតហេតុខាងលើ និងបានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ តាំង ជី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ និងបានចាប់យក អាវុធ ០១ដើម ម៉ាក AK47 ស្វាយបត់មានលេខ 28661 គ្រាប់ ចំនួន ០៦គ្រាប់ និងបង់វែងចំនួន០១។
លោកអធិការបានបន្តថា ដោយមានការសម្របសម្រួលផ្នែកច្បាប់ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាំងត្រូវបានសមត្ថកិច្ចបញ្ជូនមកនៅអធិការរដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅជំនាញខេត្តចាត់ការបន្ត ៕
Comment