ពោធិ៍សាត់៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣ គិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ ប្រមាណ ១៤១,៣៧០នាក់ ក្នុងនោះ ទេសចរជាតិចំនួន ១៤១,៣៤៦នាក់ និងទេសចរបរទេសចំនួន ២៤នាក់ បើប្រៀបធៀបនឹងឆ្នាំមុន ភ្ញៀវមានការថយចុះជាង៥០%។
បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរ ក្នុងខេត្តពោធិ៍សាត់ នាឱកាសពិធីបុណ្យចូលឆ្នាំ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបចំនួន ៦០,៨៩៧នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៦០,៨៨៥នាក់ និងភ្ញៀវបរទេសចំនួន ១២នាក់។
ប្រភពបន្តថា សម្រាប់រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរមានចំនួនសរុប ១៤១,៣៧០នាក់ ក្នុងនោះទេសចរជាតិ ចំនួន ១៤១,៣៤៦នាក់ និងទេសចរបរទេស ចំនួន ២៤នាក់ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំមុន ភ្ញៀវមានការថយចុះ ៥២,៥៦% (ឆ្នាំមុនភ្ញៀវមានចំនួន ២៩៨,០៣៧នាក់) ។
ប្រភពបានបន្ថែមថា ក្រុមការងារមន្ទីរ បានបែងចែកជា៥ក្រុម បានចុះសហការ និងធ្វើការទំនាក់ទំនង ជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ពន្ធ័ ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នីតិវិធីស្តង់ដារប្រតិបត្តិអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី និងវិធានការការពារ «៣កុំ ៣ការពារ»។ ជាមួយគ្នានោះ មន្ទីរបានចុះពង្រឹងគុណភាពផលិតផល រក្សាតម្លៃផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងថែរក្សាអនាម័យ សុវត្ថិភាព ចំណីអាហារ និងបរិស្ថាន ។ រាល់តម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវបានដាក់បញ្ជាក់ច្បាស់ៗ នៅក្នុងតារាងបញ្ជីតម្លៃ និងបានដាក់ភាសាខ្មែរ នៅ ខាងលើ ហើយភាសាបរទេសនៅខាងក្រោម ។
បន្ថែមពីនោះ មន្ទីរក៏បានបញ្ជាក់ពីការថយចុះ ចំនួនភ្ញៀវទេសចរ គឺបណ្តាលមកពី៖
ទី១-ភ្នំ១៥០០ ផ្លូវបុប្ផាលាក់ខ្លួន ភ្ញៀវមានការធ្លាក់ចុះខ្លាំង ដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យទេសភាពមិនសូវស្រស់ស្អា តដូចឆ្នាំមុន ។
ទី២-ស្រុកតាលោសែនជ័យ (សួនកម្សាន្តពូរីសត ) ឆ្នាំមុនជួលតារាល្បីៗមករាំលេងកម្សាន្ត តែឆ្នាំនេះពុំមានជួលតារាល្បីមកសម្ដែងទេ។
ទី៣-ព្រឹត្តិការណ៍អង្គរសង្ក្រាន្តសៀមរាប
ទី៤-មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត តាមមូលដ្ឋានខេត្តនីមួយៗ
ទី៥-ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាគោលដៅទេសចរណ៍ថ្មី រហ័សតាមរយៈការវិនិយោគរបស់រដ្ឋ៕
Comment