ខេត្តក្រចេះ ៖ បាតុភូតរន្ទះបាញ់ បានសម្លាប់បុរសម្នាក់ និងមនុស្សចំនួន២នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគេកំពុងនាំគ្នាជ្រកភ្លៀងនៅក្នុងខ្ទមស្រែមួយកន្លែង។
ហេតុការណ៍រន្ទះបាញ់ បាញ់សម្លាប់មនុស្ស និងរងរបួសខាងលេីនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចខ្ទមស្រែគីឡូ៦ ភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
តាមការបញ្ជាក់ពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកញ្ជរ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះថា៖ ជនរងគ្រោះដែលស្លាប់មានឈ្មោះ អោម ណារេន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
ចំណែកជនរងគ្រោះពីរនាក់ទៀតទី១.ឈ្មោះ អៀង បូរិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ (រងរបួសធ្ងន់)។ និងទី២.ឈ្មោះភួង ចន្ទ័មុនី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកញ្ជរឃុំកញ្ជរ ស្រុកឆ្លូងខេត្តក្រចេះ (រងរបួសធ្ងន់)។
មន្រ្តីដដែល បានឱ្យដឹងទៀតថា មុនកើតហេតុនៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដាម្សិលមិញនេះ ជនរងគ្រោះទាំង៣នាក់ បានទៅឃ្វាលគោនៅឯវាលស្រែ ហើយមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំខ្យល់ផ្គររន្ទះផងនោះ។
ខណៈជនរងគ្រោះទាំង៣នាក់ បានចូលជ្រកក្នុងខ្ទមស្រែ បានមួយសន្ទុះក៏ស្រាប់តែរន្ទះបាញ់ផាំង បង្កឱ្យមនុស្សម្នាក់បានស្លាប់ភ្លាមនិង២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
សូមជម្រាបជូនថា ទាក់ទិនករណីនេះដែរកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូង រួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកញ្ជរ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានពិនិត្យសាកសពរួចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។
ចំណែកអ្នករងរបួសទាំង២នាក់ត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកឆ្លូងផងដែរ៕
Comment