ភ្នំពេញ ៖ សប្បាយភ្លេចខ្លួន ! សប្បាយក៏ក្លាយជាទុក្ខ ! កាលពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីញូវថោន ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្ដ្រី ជាអ្នកបើកម៉ូតូដើរលេង ដើរលេងសប្បាយនៅមាត់ទន្លេ អត់បានដេកពេញ១យប់ បើកម៉ូតូងងុយដេកខ្លាំងពេកងោក១ភាំង រេចង្កូតជ្រុលបុកបង្គោលស្លាកប៉ាណូរថយន្តក្រុងរបស់រដ្ឋ បន្ទាប់មកជ្រុលធ្លាក់ចូលទៅក្នុងទឹកប្រឡាយទាំងមនុស្សនិងម៉ូតូ បណ្ដាលឲ្យអ្នកជិះខាងក្រោយម្នាក់ បោកក្បាលនឹងបង្គោលដែកផង និងឈ្លក់ទឹកផង ហើយក៏ស្លាប់ភ្លាមៗ។
សូមបញ្ជាក់ថា,នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FI-5253 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួរសម ។
ក្នុងនោះក៏មានមិត្តភក្ដិស្រីៗចំនួន៣នាក់ជិះម៉ូតូ២គ្រឿងផ្សេងទៀត ធ្វើដំណើរតាមផ្លូវជាមួយគ្នានោះផងដែរ ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុកបង្គោលស្លាកប៉ាណូរថយន្តក្រុងរបស់រដ្ឋ ស្ថិតនៅលើចិញ្ចើមផ្លូវពេញទំហឹង រួចធ្លាក់ចូលប្រឡាយទឹកទាំងមនុស្សនិងម៉ូតូតែម្ដង។ស្ត្រីជាអ្នកជិះពីក្រោយដែលរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិត ឈ្មោះ ឈាង នីហ្សា អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ៣៨៩ ផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ស្ត្រីជាអ្នកបើកបរម៉ូតូបង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើងនោះឈ្មោះ យ៉ាន់ ថាវី អាយុ២៩ឆ្នាំ មានទីលំនៅភូមិគហ៊េរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ស្ត្រីជាអ្នកបើកបរម៉ូតូរូបនេះបាននិយាយប្រាប់នគរបាលថា នាងនិងស្ត្រីម្នាក់ដែលស្លាប់ ព្រមទាំងមិត្តភក្ដិចំនួន៣នាក់ផ្សេងទៀត ទើបត្រឡប់មកពីដើរលេងនៅមាត់ទន្លេ ហើយជិះម៉ូតូទៅផ្ទះជួល ក៏ងងុយដេកងោក១ភាំងក៏បានជួបគ្រោះថ្នាក់បែបនេះតែម្ដង។
ស្ត្រីអ្នកជិះពីក្រោយបានបោកក្បាលផ្ទប់បង្គោលដែក រួចទើបធ្លាក់ចូលទៅក្នុងប្រឡាយទឹក ហើយភ្លាមៗនោះមិត្តភក្ដិ រួមជាមួយអ្នកដំណើរបាននាំគ្នាជួយលើកស្ត្រីរងគ្រោះនិងម៉ូតូចេញពីក្នុងទឹកដាក់លើចិញ្ចើមផ្លូវ ហើយនាងបានបាត់មាត់បាត់ក ស្ដូកស្ដឹង ។
បន្ទាប់មកមិត្តភក្ដិបានហៅរថយន្តពេទ្យដើម្បីដឹកយកទៅសង្គ្រោះដែរ ប៉ុន្តែពេលក្រុមសង្គ្រោះទៅពិនិត្យឃើញថា ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយសារតែរបួសធ្ងន់ និងឈ្លក់ទឹកថែមទៀត៕
Comment