• Today: November 21, 2024

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលវត្ថុបុរាណចំនួន៧៧ ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប

 

ខេត្តសៀមរាប ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុបុរាណចំនួន៧៧បន្ថែមទៀត ដែលប្រជាពលរដ្ឋរស់នៅក្នុងខេត្ត សៀមរាបស្ម័គ្រចិត្តប្រគល់ជូនមកកាន់សារមន្ទីរដើម្បីធ្វើការថែរក្សា និងអភិរក្សបន្ត។ដោយវត្ថុបុរាណទាំង៧៧ នោះ ខ្លះនៅរក្សាបានរូបរាងពេញលេញ និងខ្លះទៀតបែកបាក់ជាបំណែក មានដូចជា៖ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននាសម័យបុរាណ មានកុលាល ភាជន៍,ឧបករណ៍សម្រាប់ដាក់ទឹកនិងម្ហូបអាហារផ្សេងៗ គ្រឿងអលង្ការដូចជា៖ កងដៃ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដូចជា៖ កាំបិត ពូថៅ និងចានជាដើម។ នេះបើតាមទំពឹរហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។


លោក ណក់ បូរុន ជាអ្នកប្រកបរបររកស៊ីមួយរូប រស់នៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា វត្ថុបុរាណមានចំនួន ៧៧នេះ វត្ថុខ្លះលោកបានទិញបន្តពីប្រជាពលរដ្ឋ និងខ្លះទៀតប្រជាពលរដ្ឋបានប្រគល់ជូនលោកយកមករក្សា ទុកបន្ត ដែលមានប្រភពនៅក្នុងខេត្តសៀមរាបខ្លះ និងមកពីខេត្តបន្ទាយមានជ័យខ្លះ។ ប៉ុន្តែលោកមិនបានដឹងអំពីអាយុកាលនៃវត្ថុនីមួយៗឡើយ។ ការរក្សាទុកនេះដោយយល់ថា វត្ថុទាំងនោះ ជារបស់មានតម្លៃពីបុរាណគួរបន្តថែរក្សា។
លោកបន្តថា ក្រោយទទួលបានព័ត៌មានពីមិត្តភ័ក្ត្ររបស់លោកថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលថែ រក្សា និងអភិរក្សវត្ថុសិល្បៈពីបុរាណ មិនឱ្យបាត់បង់នោះ លោកក៏ស្ម័គ្រចិត្តប្រគល់ជូនសារមន្ទីរ ដើម្បីយកមកថែ រក្សាបន្ត ទុកជាមរកតសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។ លោក ណក់ បូរុន បញ្ជាក់ទៀតថា ក្រោយពេលមកដល់សារមន្ទីរ បានឃើញការតាំងបង្ហាញវត្ថុពីបុរាណជាច្រើនរាប់រយប្រភេទ ត្រូវបានថែរក្សាយ៉ាងល្អប្រសើរបែបនេះ លោកពិតជាសប្បាយរីករាយ និងមានភាពកក់ក្តៅយ៉ាងខ្លាំង ថែមទាំងជឿជាក់ថា ការប្រគល់ជូនវត្ថុទាំងនោះ មកសារមន្ទីរដើម្បីថែរក្សាបន្ត ពិតជាមានសុវត្ថិភាពបំផុត៕

Tags

Comment