ភ្នំពេញ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ គណបក្សហ៊ុនស៊ីនប៉ិច បានប្រកាសទទួលស្គាល់លទ្ធផលនេះ ខណៈខ្លួនទទួលបានចំនួន ០៥អាសនៈ ក្នុងរដ្ឋសភាដែរនោះ។ឮ
តាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី០៥ ខែសីហានេះ គណបក្សហ៊្វុនស៊ិនប៉ិច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជារាស្ត្រដែលបាន អញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងបានគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ថ្វាយដល់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលមានចំនួនជិតមួយលាននាក់ ។
គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការបញ្ជាក់ថា “ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ កាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានប្រព្រឹត្តទៅ ប្រកបដោយបរិយាកាសនយោបាយ ដែលអាចទទួលយកបាន។ ដូច្នេះ គណបក្សហ៊្វុនស៊ិនប៉ិច សូមទទួលយកលទ្ធផលផ្លូវការ ដែល បានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត”។
តាមរយៈសេចក្តីថ្លែងការណ៍ គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការដឹងគុណថ្វាយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលបានដឹកនាំគណបក្សទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន រហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទី មោទនភាពយ៉ាងក្រៃលែង។ ក្រោមព្រះកិច្ចដឹកនាំប្រកបដោយភាពជឿជាក់ មោះមុត អង់អាចក្លាហាន បានជំនះគ្រប់ឧបសគ្គ និងនាំឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ។
ជាមួយគ្នានេះដែរ គណបក្សហ៊្វុនស៊ិនប៉ិច សូមបញ្ជាក់គោលជំហរដ៏ម៉ឺងម៉ាត់ជូនប្រជារាស្ត និងសាធារណជន មេត្តាជ្រាបថា គណបក្សនឹងយកសំឡេងដែលទទួលបានពីការគាំទ្រនេះ ទៅបំរើ និង ការពារផលប្រយោជន៍ជាតិ ជាពិសេសទុក្ខកង្វល់ បញ្ហាផ្សេងៗរបស់ប្រជារាស្ត្រឱ្យបានឮដល់រដ្ឋសភាជាតិ តាមរយៈតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនេះតទៅ។
គួរជម្រាបថា បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ នៅព្រឹកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានប្រកាសអំពីបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣នេះ ដោយក្នុងនោះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ចំនួន ១២០ រូប និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានអាសនៈ ចំនួន ០៥រូប។ អាសនៈទាំង៥ ដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាននោះ គឺមណ្ឌលរាជធានីភ្នំពេញ ១អាសនៈ ខេត្តកណ្ដាល ១អាសនៈ ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ៕
Comment