• Today: November 21, 2024

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ អគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​សម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ​វត្ត​ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវ​បាន​​សាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកា​សាងសង់អគារសិក្សាថ្មីនេះ ទទួលបានការ​ឧបត្ថម្ភ​ពី​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រម​ទាំង​​សប្បុរសជននានា។

តាមការអោយដឹងពីឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា អគារសម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោ​សន្តិភាព សាល​សវការកាត់ក្តីសម្រាប់និស្សិតផ្នែកច្បាប់ និងសាលប្រជុំ។ អគារនេះ មានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់។

អគារនេះ បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិ​ប​តី​ភាពរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ​ពល​ខេម​រ​ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។

អគារថ្មីនេះ បានរចនាប្លង់ស្ថាបត្យកម្ម​រចនា​ប័ទ្ម​ខ្មែរ បែបសហសម័យ នាសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ ដោយសំយោគ​ចូល​នូវ​រច​នាប័ទ្មស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ព្រះពុទ្ធ​សាស​នា ប្រាសាទបុរាណខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌ​អា​ណានិគម និងស្ថាបត្យកម្មទំនើបកម្ម។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង៧  ព្រឹក៕

Tags

Comment