ត្បូងឃ្មុំ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីបំភ្លឺព័ត៌ ជម្រាបជូនសាធារណជន ពាក់ព័ន្ធការចុះផ្សាយក្នុងបណ្តាញប្រព័ន្ធ ទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) មានផេកឈ្មោះ “ទូរទស្សន៍ព្រះអាទិត្យកម្ពុជា” ដែលបានធ្វើការផ្សព្វផ្សាយនូវព័ត៌មានក្លែង និងបំពុងសង្គមពាក់ព័ន្ធបញ្ហាបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម។
សូមជម្រាបថា គណនីហ្វេសប៊ុក (Facebook) ផេកឈ្មោះ “ទូរទស្សន៍ព្រះអាទិត្យកម្ពុជា” មានបង្ហោះនូវខ្លឹមសារថា “ចោរម្សៀតបំផុតដែលយួនចេះតែបង្ខិតបង្គោលព្រំដែនបានជាបន្តរហូតយ៉ាងនេះ! តើថ្ងៃអនាគតខ្មែរអាចក្លាយជាជនជាតិភាគតិចនៅលើ ទឹកដីកំណើតរបស់ខ្លួនឬយ៉ាងណា?”។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមបញ្ជាក់ ជូនសាធារណជន ដូចខាងក្រោម ៖
១- ចំពោះគណនីហ្វេសប៊ុកផេកឈ្មោះ ទូរទស្សន៍ព្រះអាទិត្យកម្ពុជា បានបង្ហោះ កាលពីថ្ងៃទី ០៩/០៧/២០២៣ កន្លងទៅថ្មីៗនេះ ពុំមានដូចការចុះផ្សាយខ្លឹមសារខាងលើនោះទេ ដោយវីដេអូនោះជាវីដេអូចាស់ របស់ឈ្មោះ ប៉ើយ ណារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ សញ្ញាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិឡ ឃុំកំពាន់ ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ដែលគាត់បានបង្ហោះកាលពីអំឡុងឆ្នាំ ២០២០ កាលរូបគាត់នៅជាព្រះសង្ឃ មកម្ល៉េះ ។
២- បុគ្គលឈ្មោះ ប៉ើយ ណារ៉ា បានធ្វើការបង្ហោះវីដេអូបំភ្លឺពាក់ព័ន្ធខ្លឹមសារខាងលើ កាលពីអំឡុង ឆ្នាំ២០២០ មានទីតាំងនៅចំណុចភូមិស្នំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពិតប្រាកដមែន។ ក៏ប៉ុន្តែការលើកឡើង នោះពុំទាន់មានបញ្ហាអ្វីពាក់ព័ន្ធទៅនឹងព្រំដែនកម្ពុជា-វៀតណាម ឡើយ ។ ចំពោះករណីខាងលើ រូបគាត់សុំ ធ្វើលិខិត និងវីដេអូស្នើសុំអភ័យទោសជាសាធារណជន អំពីការបង្ហោះវីដេអូរបស់គាត់កាលអំឡុងឆ្នាំ២០២០ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ និងសន្តិសុខសង្គមជាតិទាំងមូល ។
៣- ស្នងការដ្ឋាន សូមបដិសេដ និងរុញច្រានទាំងស្រុង ចំពោះការលើកឡើងរបស់គណនីហ្វេសប៊ុកផេកឈ្មោះ ទូរទស្សន៍ព្រះអាទិត្យកម្ពុជា បានចុះផ្សាយព័ត៌មានមិនពិតប្រាកដ .. គោលបំណងឲ្យប្រជាពលរដ្ឋមានការភន់ ច្រឡំទៅលើវីដេអូនោះម្ដងទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី នៅ តាមតំបន់ព្រំដែន ។
ទន្ទឹមនេះដែរ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ស្នងការដ្ឋានបានបន្តប្រគៀកស្មារគ្នាជាមួយកងយោធពលខេមរភូមិន្ទ ធ្វើការដើរល្បាតត្រួត ពិនិត្យនៅតាមខ្សែបន្ទាត់ព្រំដែន ជាឯកតោភាគីជាប់ជាប្រចាំ ដើម្បីថែរក្សាបានសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី និងមានវិធានការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសការលួចនាំមនុស្សឆ្លងដែនខុសច្បាប់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង កសាងព្រំដែនសន្តិភាពមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋទូទៅ និងសាធារណជន ដែលបានប្រើប្រាស់បណ្តាញប្រព័ន្ធ ទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន៕
Comment