• Today: November 21, 2024

មន្ត្រីជាន់ខ្ពស់សុខាភិបាល បង្ហាញរបៀបការពារ និងសង្គ្រោះបឋម ពេលអាកាសធាតុក្តៅខ្លាំង ហើយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ផង !

ភ្នំពេញ ៖ រដូវក្តៅ ងាយធ្វើឱ្យរងគ្រោះប៉ះពាល់សុខភាព ដល់ប្រជាពលរដ្ឋ ក៏ដូចជាសត្វ និងសត្វពាហនៈផ្សេងៗ ខណៈការផ្លាស់ប្ដូរអាកាសធាតុ ឡើងកម្ដៅ ប្រឈមទៅនឹងបញ្ហា ជាច្រើនចំពោះសុខភាព និងរូបរាងកាយ។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបង្ហាញពីរបៀបការពារខ្លួន និងសង្គ្រោះបឋមនៅពេលអាកាសធាតុក្តៅខ្លាំង ខណៈបច្ចុប្បន្នកម្ពុជាកំពុងទទួលរងនូវអាកាសធាតុក្ដៅខ្លាំងដែលមានសីតុណ្ហភាពរហូតដល់ ៣៧អង្សាសេ។

អ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ នៅរសៀលថ្ងៃទី២៩ មីនានេះថា នៅខែមេសាខាងមុខនេះជារដូវក្តៅដែលទាមទារឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងការពារសុខភាពឱ្យបានល្អទាំងអស់គ្នា ចៀសវាងនូវការកើតជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺសួត រាករូស ការដួលសន្លប់ដោយសារខ្វះជាតិទឹក ការបរិភោគចំណីអាហារមិនស្អាត និងមិនមានអនាម័យ និងជំងឺឆ្លងផ្សេងៗទៀត ពិសេសកុមារតូចៗត្រូវប្រយ័ត្នចំពោះជំងឺពងបែកដៃជើងដែលជំងឺនេះឆ្លងតាមរយៈលាមក និងទឹកមាត់អ្នកជំងឺ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍បន្តថា ក្នុងករណីឃើញកុមារមានជំងឺពងដៃជើងនេះ ត្រូវដាក់ឱ្យអ្នកជំងឺនៅដាច់តែឯងរហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យលេងជាមួយក្មេងៗទៀតបាន។ លោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋពិសារទឹកឱ្យបានច្រើនយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ចៀសវាងការ បរិភោគភេសជ្ជៈផ្អែមខ្លាំង កុំនៅក្រោមកំដៅថ្ងៃយូរពេក ត្រូវស្លៀកសម្លៀកបំពាក់ស្ដើង និងស្លៀកពាក់ខោអាវវែងៗការពារកំដៅថ្ងៃ ដើម្បីការពារសុខភាពនៅពេលអាកាសធាតុក្តៅខ្លាំង។

ជាមួយគ្នានេះដែរ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងសុវត្ថិភាពចំណីអាហារល្អជាប់ជានិច្ច ត្រូវបរិភោគចំណីអាហារឆ្អិនល្អនិងទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ និងមានអនាម័យ ត្រូវចម្អិនម្ហូបឱ្យបានឆ្អិនល្អ លាងសំអាតរបស់របរប្រើប្រាស់ឱ្យបានស្អាតល្អដើម្បីចៀសវាងនូវការចម្លងរោគផ្សេងៗ ឬការពុលចំណីអាហារ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា នៅពេលមានបញ្ហាសុខភាព ត្រូវប្រញាប់នាំអ្នកជំងឺមកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីគ្រូពេទ្យពិនិត្យ និងព្យាបាលជំងឺបានទាន់ពេលវេលា។

សូមបញ្ជាក់ថា, យោងតាមការព្យាករណ៍អាកាសធាតុរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប ខ្យល់ប្រែប្រួល និងជ្រលងសម្ពាធទាបពីប្រទេសចិន ធ្វើឱ្យមានសីតុណ្ហភាពពី ២៣ ដល់៣៧អង្សា បង្កឱ្យមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម អាចមានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ពាក់ព័ន្ធនឹងការជួយសង្គ្រោះអ្នកដួលសន្លប់ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា ពេលឃើញមានករណីដួលសន្លប់ត្រូវដាក់អ្នកជំងឺឱ្យសម្រាកដោយលើកជើងឡើងលើបន្ដិច ឬកល់ជើងឱ្យខ្ពស់ ដើម្បីឱ្យចរន្ដឈាមហូរមកខួរក្បាល ត្រូវដោះ ឬបន្ធូរសម្លៀកបំពាក់អ្នកជំងឺ កុំនៅឈររោមអ្នកដួលសន្លប់ ព្រោះវាធ្វើឱ្យកាន់តែមានបរិយាកាសថប់ថែមទៀត ឱ្យអ្នកជំងឺពិសាទឹកឆ្អិន ឬទឹកស្អាតប្រសិនបើគាត់នៅពិសាបាន។

នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានភ្លៀងមួយមេធំ ជាមួយ រន្ទះ ខ្យល់កន្ត្រាក់ បណ្ដាលឱ្យបាក់រលំផ្លាកប៉ាណូ ធ្វើឲ្យមនុស្សពីរនាក់ រងគ្រោះ។ ម្នាក់ជាងមាស បានស្លាប់ ហ្នឹងម្នាក់ទៀតរោងរបស់ធ្ងន់ ដោយសារតែគ្រោះធម្មជាតិ ។

សូមបងប្អូនប្រជាពលរដ្ឋ មេត្តាអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ តាមដានព័ត៌មានឱ្យបានច្រើន ពីករណីព្យាករណ៍អំពីអាកាសធាតុ ធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម ៕

Tags

Comment