• Today: November 21, 2024

UPDATE: ច្បាស់ការហើយ! ការស្លាប់របស់ជនងរគ្រោះ០២នាក់ប្តី ប្រពន្ធ មន្ត្រីជំនាញពិនិត្យ និងសន្និដ្ឋានថា បុរសជាប្តីស្លាប់ដោយសារគាំងបេះដូង និងប្រពន្ធស្លាប់ដោយសារអត់អាហារ និងជំងឺប្រចាំកាយ


បាត់ដំបង៖ មន្ត្រីជំនាញផ្នែកកោសលវិច្ច័យ និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសន្និដ្ឋានបឋមករណីជនរងគ្រោះ០២នាក់ប្តី ប្រពន្ធ ដែលត្រូវបានប្រទះឃើញដេកស្លាប់ក្នុងផ្ទះយ៉ាងអាថ៌កំបាំងនោះថា បរុសជាប្តីស្លាប់សារជំងឺគាំងបេះដូង និងស្ត្រីជាប្រពន្ធស្លាប់ដោយសារអត់អាហារ និងជំងឺដំពៅក្រពះ។


ក្រុមមន្ត្រីជំនាញផ្នែកពិនិត្យវិភាគកន្លែងកើត ចេញរបាយការណ៍សង្ខេបបឋមថា ករណីមនុស្សស្លាប់ ចំនួន០២នាក់ នៅចំណុចក្រុមទី១៨ ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលប្រទះឃើញនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៣។ 
សាកសពជនរងគ្រោះប្ដីឈ្មោះ សូ សំអឿន អាយុ ៧៦ឆ្នាំ មនុស្សចាស់ជរា និងសពប្រពន្ធឈ្មោះ អ៊ិត លឿត អាយុ ៦៦ឆ្នាំ មានជំងឺរ៉ាំរ៉ៃ និងពិការដើរមិនរួច រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
នគរបាលជំនាញឱ្យដឹងថា នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី វ៉ាយ វ៉ារ៉ាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានរាយការណ៍រឿងហេតុខាងលើ និងទទួលបញ្ជាពីលោកអធិការកម្លាំងនគរបាលជំនាញផ្នែកកោសលវិច្ច័យ បានចុះដល់កន្លែងកើតហេតុពិនិត្យ និងវិភាគយកលម្អិតរកមិនឃើញមានអ្វីគួរឱ្យកត់សម្គាល់ពាក់ព័ន្ធករណីឃាតកម្មឡើយ។
ចំពោះការស្រាវជ្រាវ និងពិនិត្យហេតុ កូនប្រុសបង្កើតជនរងគ្រោះមានឈ្មោះ សូ ច័ន្ទដុល្លារ អាយុ ៣៣ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ បានបំភ្លឺថា នៅថ្ងៃទី០៥ ឧសភា ២០២៣ វេលាម៉ោងប្រហែល ៦និង៣០នាទី ខ្លួនបានទូរស័ព្ទមករកឪពុកខ្លួនតែមិនចូលខ្លួនក៏ធ្វើដំណើរពីខេត្តបន្ទាយមានជ័យ មកផ្ទះឪពុកខ្លួននៅបាត់ដំបង នៅថ្ងៃទី០៧ ឧសភា ២០២៣ វេលាម៉ោង ១០និង០០នាទី ដោយម៉ូតូកង់បីជាមួយនឹងក្រុមគ្រួសារប្រពន្ធកូនពេលមកដល់ផ្ទះឪពុកខ្លួនបានឃើញទ្វាររបង និងទ្វារផ្ទះអត់ចាក់សោរ ខ្លួនបានចូលទៅឃើញឪពុកដេកស្លាប់លើប៉ៅអ៊ី និងម្ដាយដេកស្លាប់លើគ្រែ។ តាមការបំភ្លឺរបស់ឈ្មោះ សូ ច័ន្ទដុល្លារ ជាកូនបានបន្ថែមទៀតថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ខ្លួនបានជូនឪពុកម្តាយទៅសម្រាកពេទ្យ កែ ស៊ីនួន ដោយឪពុកមានរោគប្រចាំកាយលើសឈាម ទឹកនោមផ្អែមទឹកនោមប្រៃ ចំណែកម្តាយមានជម្ងឺពុកឆ្អឹងខ្នងដើរពុំរួច និងរលាកក្រពះ។


តាមការបំភ្លឺរបស់កូនស្រីបង្កើតជនរងគ្រោះម្នាក់ទៀតឈ្មោះ សូ ចន្ធូ អាយុ ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើបានបំភ្លឺថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល១០ព្រឹក ប្អូនប្រុសខ្លួនឈ្មោះ សូ ច័ន្ទដុល្លា បានជិះម៉ូតូកង់បីមកប្រាប់ខ្លួនដល់ផ្ទះថា ឪពុកម្ដាយបានដេកស្លាប់នៅផ្ទះខ្លួនក៏ធ្វើដំណើរពីរនាក់បងប្អូនមកផ្ទះឪពុកម្ដាយឃើញគាត់ដេកស្លាប់មែនហើយរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។
តាមការបំភ្លឺរបស់អ្នកជិតខាងឈ្មោះ វ៉េត វារី ភេទស្រី អាយុ ២៩ឆ្នាំ បានបំភ្លឺថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ខ្លួនមិនឃើញជនរងគ្រោះចេញចូលផ្ទះដូចសព្វដង។ លុះដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ទើបទទួលដំណឹងថា ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធដេកស្លាប់ក្នុងផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
តាមការត្រួតពិនិត្យកន្លែងកើតហេតុរបស់មន្ត្រីជំនាញ ស្ថិតនៅលំនៅដ្ឋានរបស់សាកសពឈ្មោះ សូ សំអឿន អាយុ ៧៦ឆ្នាំ ទីកន្លែងកើតហេតុរកឃើញថា (គ្មាន)។ សាកសពជនរងគ្រោះឈ្មោះ សូ សំអឿន ដេកស្លាប់នៅបន្ទប់ទទួលភ្ញៀវអាក្រាតកាយ ក្នុងសភាពផ្ងារនៅលើប៉ៅអ៊ី ជើងសំយ៉ុងចុះលើការ៉ូ ក្បាលមកទិសខាងកើតមានសភាពហើមស្អុយរលួយ។ ការពិនិត្យស្លាកស្នាម នៅលើរាងកាយសាកសពគ្មានស្លាកស្នាម និងមានចេញលាមក។ ចំណែកសាកសពស្ត្រីឈ្មោះ អ៊ិត លឿត ជាប្រពន្ធដេកក្នុងបន្ទប់ដេក ស្លៀកសារ៉ុងចងពុង នៅលើគ្រែ ក្បាលទៅទិសខាងត្បូង។ ការពិនិត្យស្លាកស្នាមនៅលើរាងកាយសាកសពពុំមានអ្វីគួរឱ្យកត់សម្គាល់ទេ។ 
ក្រោយពីការពិនិត្យយ៉ាងល្អិតល្អន់ មន្ត្រីជំនាញបានសន្និដ្ឋាន សាកសពប្ដីស្លាប់ដោយសារគាំងបេះដូង អាចស្លាប់អំឡុងនៅថ្ងៃទី០៥ ខែឧសភា និងសាកសពប្រពន្ធស្លាប់ដោយសារអត់អាហារ និងជម្ងឺដំប៉ៅក្រពះអាចស្លាប់អំឡុងនៅថ្ងៃទី០៧ ខែឧសភានេះ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបធ្វើបុណ្យតាមប្រពៃណី៕

Tags

Comment