• Today: December 03, 2024

អភិបាលខេត្តកែបក្នុងរយៈពេលជាង ៣ ឆ្នាំ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបតែងតែប្រតិបត្តិតាមអនុសាសន៍របស់សម្តេចតេជោ ប្រឹងប្រែងដោយមិនក្លាចក្នុងការនឿយហត់ក្នុងការបម្រើពលរដ្ឋ

(កែប)៖   កាលពីរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣នេះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអញ្ជើញផ្ដល់កិត្តិយសក្នុងឱកាសគំរប់ខួប ១ ឆ្នាំ នៃការចូលកាន់មុខតំណែងរបស់លោក ឆាង ឆៃ ជាអភិបាលស្រុកដំណាក់ចង្អើរ ឯកឧត្តមអភិបាលខេត្តកែបនិងបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្ត្រីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប។

អភិបាលខេត្តកែបក្នុងរយ:ពេលជាង៣ឆ្នាំកន្លងមកនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលក្នុងនាមជាមន្រ្តីដ៏ស្មោះត្រង់មួយរូបដែលតែងតែប្រតិបត្តិតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដោយមិនក្លាចការនឿយហត់នោះឡើយ ក្នុងការបម្រើប្រជាពលរដ្ឋខេត្តកែប។

ឯកឧត្តមអភិបាលខេត្តកែបតែងតែបានដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ហើយបានលើកកម្ពស់ការផ្តល់សេវាគ្រប់ប្រភេទ កសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពលរដ្ឋប្រើប្រាស់។
ក្រៅពីនេះ ក្នុងរយៈពេលនេះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប តែងតែចុះសួសុខទុក្ខជាមួយប្រជាពលរដ្ឋ និងមន្រ្តីរដ្ឋបាលសាធារណៈជាប្រចាំ។
ក្នុងឱកាសនោះលោកបានបង្ហាញការប្តេជ្ញាចិត្ត បន្តប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកែបបានណែនាំដល់លោកអភិបាលស្រុក និងសហការី ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែសកម្ម ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋ ជាពិសេសការដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ។

ឆ្លៀតក្នុងឱកាសនេះ អភិបាលខេត្តកែបក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់សេចក្តីទុកចិត្តដល់រូបលោកនាពេលកន្លងមកក្នុងការផ្តល់ឱកាសបំពេញតួនាទី ភារកិច្ចកន្លងមក ហើយឯកឧត្តមក៏បានប្តេជ្ញាអនុវត្តការងារជាច្រើនបន្តទៀត ដើម្បីឱ្យខេត្តកែបមានការរីកចម្រើនលូតលាស់បន្ថែមទៀត ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ខ្ញុំបាទនិងសហការី ប្តេជ្ញាអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណ ឱ្យបានល្អប្រសើរ ព្រមទាំងបម្រើប្រជាជនខេត្តកែបដោយស្មោះត្រង់ អស់ពីសមត្ថភាពដើម្បីបម្រើប្រជាពលរដ្ឋ។(សឹង រ៉ាត់)

Tags

Comment