• Today: November 21, 2024

ចាប់ខ្លួនបុរស២នាក់ ដោយម្នាក់ដើរតាមភូមិប៉ះអីយកនឹង និងម្នាក់ទៀតរង់ចាំទទួលទិញ


ខេត្តតាកែវ ៖   បើកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនបាន ពាក់ព័ន្ធអំពើលួ.ច និងទទួលផលចោ.រកម្មតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុខសញ្ញាដើរលួ.ចក្នុងភូមិ ដោយលួ.ចមិនរើសមុខ ប៉ះអីយកនឹងម្នាក់ និងម្នាក់ទៀតជាអ្នករង់ចាំទទួលទិញផលចោ.រកម្មពីអ្នកលួច ។


ជនសង្ស័យខាងលើនេះ ម្នាក់មានឈ្មោះ ហ៊ុន ចន្ធី ហៅម៉ាញ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (អ្នកលួ.ច) និងម្នាក់ទៀតឈ្មោះ ងឿន លីហួរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ទទួលផលចោ.រកម្ម)។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីចន្លោះម៉ោង១២យប់ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីចោ.រចូលលួ.ចយកទូរស័ព្ទដៃក្នុងផ្ទះរបស់ប្រជាពលរដ្ឋចំនួន២គ្រឿង ដោយ១គ្រឿងម៉ាក Vivo និង១គ្រឿងទៀតម៉ាកសាំសុង ដែលជារបស់ជនរងគ្រោះឈ្មោះ សេង ណន ភេទស្រី អាយុ៥៤ឆ្នាំ។
សមត្ថកិច្ចបន្តថា នៅថ្ងៃបន្ទាប់មកទៀត ក៏មានចោ.រចូលលួចទូរស័ព្ទដៃ១គ្រឿងម៉ាកអាយហ្វូត ១គ្រឿង និងកង់កញ្ចាស់១គ្រឿងផងដែរ នៅចំណុចស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ដែលជារបស់ជនរងគ្រោះឈ្មោះ តេន ស្រី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាមន្ត្រីនគរបាលប៉ុស្តិ៍។
ក្រោយពេលកើតមានអំពើចោ.រកម្ម «លួ.ច» និងទទួលបានពាក្យបណ្ដឹងផងនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បានដាក់បទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងនគរបាលប៉ុស្តិ៍មូលដ្ឋាន ធ្វើការស្រាវជ្រាវ ដោយយកចិត្តទុកដាក់ ដើម្បីស្វែងរកមុខចោ.រលួចដដែលៗនោះឲ្យខាងតែបាន។ លុះដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចក៏បានរកឃើញកង់កញ្ចាស់១គ្រឿង ពណ៌ស ជារបស់ជនរងគ្រោះដែលត្រូវចោ.រលួចកាលពីយប់ថ្ងៃទី១ ខែកក្កដានោះ នៅស្នាក់ការគណបក្សឃុំ នៅក្រោមផ្ទះរបស់ឈ្មោះ ស៊ិន យឿន ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ទៅវិញ ។
លុះពេលស្រាវជ្រាវឃើញកង់នោះហើយ សមត្ថកិច្ចក៏បានអញ្ជើញឈ្មោះ ស៊ិន យឿន ឲ្យទៅឆ្លើយបំភ្លឺនៅនគរបាលប៉ុស្តិ៍ ទើបស្ត្រីម្នាក់នោះប្រាប់ថា «កង់នេះគាត់បានទិញពីឈ្មោះ ងឿន លីហួរ (ជនសង្ស័យទទួលផលចោ.រកម្ម) ក្នុងតម្លៃ២ម៉ឺនរៀល ដោយទិញកាលពីព្រឹកថ្ងៃទី២ ខែកក្កដា មុននេះ២ថ្ងៃ»។
បន្ទាប់ពីបានចម្លើយរបស់ស្ត្រីឈ្មោះ ស៊ិន យឿនភ្លាម សមត្ថកិច្ចបានកោះអញ្ជើញឈ្មោះ ងឿន លីហួរ ទៅសាកសួរ។ ទើបឈ្មោះ ងឿន លីហួរ បានឆ្លើយថា «កង់នេះរូបគេបានពីឈ្មោះ ហ៊ុន ចន្ធី ហៅម៉ាញ ភេទប្រុស អាយុ២៥ ឆ្នាំ នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ឲ្យរូបគេកាលពីយប់ថ្ងៃទី១ ខែកក្កដា»។
ក្រោយមកទៀត សមត្ថកិច្ចក៏ទៅនាំខ្លួនឈ្មោះ ហ៊ុន ចន្ធី ហៅម៉ាញ មកធ្វើការសាកសួរយកចម្លើយ ទើបជនរូបនេះសារភាពថា «កាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ គឺរូបគេតែម្នាក់ឯងបានធ្វើសកម្មភាពចូលទៅលួ.ចយកទូរស័ព្ទដៃនៅផ្ទះរបស់ឈ្មោះ សេង ណន ភេទស្រី នៅភូមិម្រុំ បានចំនួន២គ្រឿង និងនៅស្នាក់ការគណបក្សប្រជាជនឃុំតាភេម លួ.ចបានទូរស័ព្ទដៃ១គ្រឿង និងកង់១គ្រឿង ពិតប្រាកដមែន។ នៅពេលលួចហើយ រូបគេក៏យកកង់ទៅឱ្យឈ្មោះ ងឿន លីហួរ ដើម្បីទុកដូរយកថ្នាំជក់ ចំណែកទូរស័ព្ទដៃដែលលួចពីផ្ទះឈ្មោះ សេង ណន បានលក់ឱ្យឈ្មោះ ងឿន លីហួរ ១គ្រឿង និងលក់ឱ្យអ្នកនៅភូមិតាគាំ ឃុំតាភេម ១គ្រឿង សរុបទាំងពីរគ្រឿងបានតម្លៃ១២ម៉ឺនរៀល។ រីឯទូរស័ព្ទដៃម៉ាក Iphone វិញ រូបគេបានយកមកលក់ឲ្យមនុស្សម្នាក់ទៀត នៅម្ដុំសាលាតេជោអង្គតាសោម តែមិនស្គាល់ផ្ទះ»។
ក្រោយពីស្តាប់ចម្លើយ និងមានពាក្យបណ្តឹងទាក់ទិនអំពើលួ.ច ដែលជាបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីតាមនីតិវិធីនៃច្បាប់តែម្តង៕

Tags

Comment