• Today: November 21, 2024

តំណាងសម្តេចតេជោ ហ៊ុន សែន បានយកថវិកា ចំនួន ២ម៉ឺនដុល្លារ ប្រគល់ឲ្យកីឡាករ Thiago Teixeira សញ្ជាតិប្រេស៊ីល

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម សេង ទៀង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំថវិការ ចំនួន២ម៉ឺនដុល្លារ ជាការលើកទឹកចិត្តដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល តំណាងគុនខ្មែរ បានប្រកួតដណ្តើមយកបានខ្សែក្រវ៉ាត់លំដាប់ពិភពលោកស្ថាប័ន WMO នឹងកំពុងមានរឿងរ៉ាវចម្រូងចម្រះគ្នា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរសារបង្ហោះតាមបណ្តាញទំនាក់ទំនងតេលេក្រាម នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នេះថា "ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន ២០ ០០០ដុល្លារ"។ 

សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា "ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរ ជូនកីឡាករ Thiago"។

ពិតជាមានកិត្តិយសដ៏ធំធេងបំផុត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត និងបានឧប្ថម្ភនូវថវិកាផ្ទាល់ខ្លួនរបស់សម្តេចដល់កីឡាករ Thiago ចំនួន ២០ ០០០ដុល្លារ។ ពេលនេះ កីឡាករ Thiago និងភរិយាទទួលថវិកាផ្ទាល់តាមរយៈឯកឧត្តម សេង ទៀង ជំនូយការផ្ទាល់សម្តេចតេជោ រួចរាល់ហើយ។ 

ឧកញ៉ា ស្រី ចាន់ថន តំណាងឲ្យកីឡាករ Thiago សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនក៏ដូចជាប្រជាជនទូទាំងប្រទេសសម្រាប់ក្តីស្រលាញ់ និងការគាំទ្រកីឡាករ Thiago និងគុនខ្មែរតាំងពីដើមរហូតមកដល់ម៉ោងនេះ។ ទីណាមានទុក្ខទីនោះមានសម្តេចពុកជួយជ្រុមជ្រែងជានិច្ច។ 

សូមបញ្ជាក់ដែរថា នៅថ្ងៃទី០៨ ខែមេសា នេះដែរ រដ្ឋមន្ត្រីចំនួន០២រូប គឺ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈបានឧប្ថម្ភនូវថវិកាម្នាក់ ១ ០០០ដុល្លារ សរុប២ ០០០ដុល្លារ ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល ជាការលើកទឹកចិត្តចំពោះកីឡាកររូបនេះ ដែលជានិច្ចកាលតែងតែជួយលើកតម្កើងតម្លៃនៃវប្បធម៌ខ្មែរ ផ្សព្វផ្សាយនៅលើឆាកជាតិ និងអន្តរជាតិផថដែរ។

សូមរំឭកថា ស្ថាប័នប្រដាល់លំដាប់ពីភពលោក WMO បានចេញលិខិតផ្លូវការរបស់ខ្លួនដកហូតខ្សែក្រវ៉ាត់ WMO ពីកីឡាករ Thiago និងបិទមិនឱ្យចូលរួមប្រកួតគ្រប់ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយស្ថាប័ន WMO នៅថ្ងៃអនាគត់ក្រោមហេតុផលសង្ខេបខ្លីមិនមានអីច្រើនទេ គឺ «Thiago វាយតំណាងឱ្យគុនខ្មែរ» ហើយសម្រាបតម្លៃខ្លួនរបស់កីឡាករប្រដាល់សញ្ជាតិប្រេស៊ីរូបនេះ ក៏មិនទទួលបានពីស្ថាប័នលំពិភពលោកមួយនេះសូម្បីមយយសេនដែរ៕

 

Tags

Comment