• Today: November 03, 2024

អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាលពលរដ្ឋជាង៤០០នាក់ ដែលមកធ្វើបុណ្យនៅវិហារអ្នកតាធំចិនក្រុងតាខ្មៅ

(កណ្ដាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងដំណើរទៅធ្វើការនៅសាលាខេត្ត បានឆ្លៀតចុះជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋជាង៤០០នាក់ ដែលកំពុងជួបជុំធ្វើបុណ្យនៅវិហារអ្នកតាធំចិនក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយបានជម្រាបជូនពលរដ្ឋពីតម្លៃដ៏មហាសាលនៃសុខសន្តិភាពនៃយើង និងរួមគ្នាថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីប្រទេសជាតិរីកចម្រើនទៅមុខជាលំដាប់។

ស្ថិតក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងប្រាប់ដល់ពលរដ្ឋពីតម្លៃសុខសន្តិភាព ដែលរកបានដោយលំបាកលំបិន ហើយប្រទេសជាតិកំពុងមានសន្តិភាព ទើបពលរដ្ឋយើងមានឱកាសគ្រប់ៗគ្នា មកវិហារធំអ្នកចិនដើម្បីអុចធូបបន់ស្រន់ ធ្វើបុណ្យទៀនយ៉ាងដូច្នេះ។

លោកថា «កត្តាសន្តិភាពនេះហើយជាឫសគល់ដ៏រឹងមាំដែលនាំនាវាកម្ពុជាយើងស្គាល់តែភាពសម្បូរសប្បាយ រីករាយ រីកចម្រើនទៅមុខជាលំដាប់ ពិសេសយើងមាននាយករដ្ឋមន្ត្រីវ័យក្មេងបន្តវេនដ៏មានសមត្ថភាព គឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះ»។

ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើដល់ពលរដ្ឋត្រូវថែទាំសុខភាពឲ្យបានល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ហើយបើមានជំងឺណាមួយត្រូវអញ្ជើញទៅមន្ទីរពេទ្យខេត្តដែលមានវេជ្ជបណ្ឌិតឯកទេសរង់ចាំព្យាបាល ជូនដោយឥតគិតថ្លៃជាមួយនឹងសេវាប្រកបដោយគុណភាព និងទំនុកចិត្តបំផុត។

ស្ថិតក្នុងឱកាសនេះ ពលរដ្ឋដែលកំពុងធ្វើបុណ្យនៅវិហារធំអ្នកតាចិននេះ បានសំដែងការភ្ញាក់ផ្អើល និងត្រេកអរជាខ្លាំង ខណៈដែលពួកគាត់កំពុងធ្វើបុណ្យ ក៏ស្រាប់តែលោកអភិបាលខេត្តជិះឡានទៅធ្វើការកាត់កន្លែងនេះ ក៏សុខចិត្តចុះពីលើឡានមកសួរសុខទុក្ខ និងចែកថវិការជូនពួកគាត់ ដែលកាយវិការនេះ បានឆ្លុះបញ្ជាំងឲ្យឃើញពីភាពឈ្លាសវៃ និងសក្ដិសមជាមេដឹកនាំខេត្តគម្រូល្អបំផុត និងគួរឲ្យគោរពស្រលាញ់បំផុត និងសូមប្រសិទ្ធពរជ័យ ដល់លោកអភិបាលខេត្តមានសុខភាពល្អរឹងមាំ បញ្ញាវាងវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តកណ្ដាលឲ្យបានយូរអង្វែង និងគាំទ្រលោកគង់ សោភ័ណ្ឌ ជាមេដឹកនាំខេត្តកណ្ដាលជារៀងរហូត៕

Tags

Comment