• Today: November 21, 2024

ខឹងរឿងខ្ចីវត្ថុស័ក្តិសិទ្ធិយកទៅរកស៊ី ពេលរកស៊ីមានបានភ្លេចពាក្យសន្យាតាមទៅគប់កញ្ចក់រថយន្តដល់ផ្ទះ


   ខេត្តបាត់ដំបង៖  ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ស័ក្តិសិទ្ធិណាស់រឿងមួយនេះ ព្រោះតែមិនគោរពតាមពាក្យសន្យាទីបំផុតត្រូវទទួលផលបែបនេះមែន? ខណៈដែលបុរសម្នាក់ខឹងបុរសម្នាក់ទៀតរឿងខ្ចីវត្ថុស័ក្តិសិទ្ធិយកទៅរកស៉ី ពេលរកស៉ីមានបានភ្លេចពាក្យសន្យាក៏តាមទៅគប់កញ្ចក់រថយន្តដល់ផ្ទះ។

 
   ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅក្រុមទី៩ ភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង័្សយឈ្មោះ ណាម សុផល ហៅ ង៉ោល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បានធ្វើសកម្មភាពយកដុំថ្មគប់បំផ្លាញទៅលើរថយន្តមួយគ្រឿង ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0777 ជារបស់ជនរងគ្រោះឈ្មោះ ងួន ណាត ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងមូលដ្ឋានដូចគ្នា ដែលកំពុងទុកនៅក្រោមរោងជាប់មុខផ្ទះ បណ្តាលឱ្យបែកកញ្ចក់ទ្វាររថយន្តទាំងសងខាង ។
   ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយពេលទទួលពាក្យបណ្តឹងហើយ លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់បានរាយការណ៍ស្នើសុំយោបល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តម សេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកនាវេលារសៀលថ្ងៃទី ២៥ខែកក្កដាឆ្នាំ២០២៣។
   លោកវរសេនីយ៍ទោ សំ វីរះ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនធ្វើសកម្មភាពយកដុំថ្មគប់បំផ្លាញទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះខាងលើគឺកាលពីអំឡុង០៤ឆ្នាំមុន រូបគេមានវត្ថុស័ក្តិសិទ្ធិមួយ(ជាខ្នាយតាន់) ដែលខ្លួនគ្រប់គ្រងរក្សាជាយូរមកហើយ ហេីយនៅអំឡុងពេលនោះបុរសរូបនេះ(ជនរងគ្រោះ) បានសុំយកវត្ថុនោះពីរូបគេមកធ្វើជាកម្មសិទ្ធិ និងបានភ្ជាប់ជាមួយការសន្យាថា បើរូបគាត់យកវត្ថុនេះទៅគ្រប់គ្រងហើយរកស៊ីទទួលទានមានបានដូចសេចក្តីប្រាថ្នាមែននោះ គេនឹងទិញម៉ូតូថ្មីមួយគ្រឿងឱ្យមកខ្លួន(ជនសង័្សយ)ដែលជាម្ចាស់ដើមនៃវត្ថុស័ក្តិសិទ្ធិនេះ ។ ក្រោយពេលសន្យានិងទទួលយកវត្ថុស័ក្តិសិទ្ធិទៅរក្សាទុកហើយ និងពេលជាបន្តបន្ទាប់ការរកស៊ីរបស់បុរសនោះ ឃើញថាមានបានដូចការប៉ងប្រាថ្នានោះមែន តែមិនបានឃើញទិញម៉ូតូថ្មីឱ្យមកខ្លួនដូចការសន្យានោះទេ រហូដល់ឆ្នាំទី៤ ទើបជនសង័្សយធ្វើសកម្មភាពបែបនេះឡើងតែម្តងនៅថ្ងៃកើតហេតុ ដើម្បីដោះស្រាយបញ្ចាប់ការ(សន្យាខ្យល់)របស់បុរសជាម្ចាស់រថយន្ត ។ 
  សមត្ថកិច្ចបានបញ្ជាក់ថា ទោះជាបែបនេះក្តីដោយក៏ពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួនជាមួយនឹងដុំថ្មមួយដុំជាមធ្យោបាយធ្វើសកម្មភាពដើម្បីបញ្ជូនទៅការិយាល័យជំនាញអនុវត្តទោសទៅតាមច្បាប់៕

Tags

Comment