• Today: November 21, 2024

ឯកសណ្ឋានរបស់មន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃនឹងត្រូវផ្លាស់ប្តូរ ដើម្បីកុំច្រឡំជាមួយឯកសណ្ឋាននគរបាលជាតិ


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារនសក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅទីស្ដីក្រសួងមហាផ្ទៃ។


សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញនូវអនុក្រឹត្យជាផ្លូវការ។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ ចំពោះអគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារនសក្រសួងមហាផ្ទៃ។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីដំណើរការ នៃការត្រួតពិនិត្យ និងរៀបចំអនុក្រឹត្យ ស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ជូនគណៈអធិបតី និងអង្គពិធីទាំងមូលថា យោងតាមមាត្រា៨ នៃច្បាប់ ស្ដីពីពន្ធនាគារក្រសួងមហាផ្ទៃ បានចែងថា «មន្ដ្រីពន្ធនាគារត្រូវមានឯកសណ្ឋាន សញ្ញាសក្តិ គ្រឿងបំពាក់ ឧបករណ៍ និងសម្ភារ ឱ្យបានសមស្រប ទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ក៏បានចេញនូវសេចក្ដីប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ»។
លោករដ្ឋលេខាធិការ បន្ដថា «អនុក្រឹត្យ និងសេចក្ដីប្រកាសខាងលើនេះ បានអនុវត្តអស់រយៈពេលជាង ០៨ឆ្នាំមកហើយ»។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានរំលឹកថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ សម្ដេច ក៏បានផ្ដល់អនុសាសន៍ឱ្យពិនិត្យ និងសិក្សាអំពីឯកសណ្ឋាន ពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធនាគារ ដើម្បីកុំឱ្យច្រឡំពណ៌ឯកសណ្ឋាន មន្ដ្រីនគរបាលជាតិ។ 
លោកបានបន្ថែមទៀតថា បន្ទាប់មកទើបអគ្គនាយកដ្ឋានពន្ធនាគារ បានបង្កើតក្រុមការងារមួយ ដើម្បីរៀបចំសេចក្ដីព្រាងកែសម្រួលអនុក្រឹត្យ ស្ដីពីពណ៌ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ៕

Tags

Comment