កំពង់សឺ៖ មុខសញ្ញាក្រុមចោរធ្វើសកម្មភាពធាក់ប្លន់ម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវនានាយ៉ាងសកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ,កណ្តាល និងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ស៊ើបអង្កេត និងស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាច្បាស់លាស់ឈានការបំបែកសំណុំរឿងដ៏ក្តៅគគុកនេះ ដោយចាប់ខ្លួនជនសង្ស័យ ចំនួន ១៦នាក់។
លោកឧត្តមសេនីយ៍ សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅដោយអនុវត្តន៍តាមការដឹកនាំរបស់លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីលោកជំទាវព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យ ចំនួន ១៦នាក់ ក្នុងករណីធាក់ប្លន់យកម៉ូតូ នៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេតកណ្តាល និងភ្នំពេញ។
លោកស្នងការងបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (៣៦-៣៧) ក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង មានករណីលួចដោយស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ) បង្កដោយជនសង្ស័យ ចំនួន ០៤នាក់ ជិះម៉ូតូ ០២គ្រឿង ប្រើវែកឆា (ដែកពណ៌ស) ធ្វើសកម្មភាពស្ទាកប្លន់បានសម្រេច។
ករណីនេះ ជនរងគ្រោះមានឈ្មោះ ម៉ុក សុរិន ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរ កម្មកររោងចក្រ ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីខួបកំណើតមិត្តភក្តិ នៅម្តុំវត្តស្រះឃ្លាំង ឆ្ពោះមកផ្ទះតាមផ្លូវទន្លេកន្ទិល ចេញមកផ្លូវជាតិលេខ៤ បត់មកកើត មកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ ០៤នាក់ ជិះម៉ូតូ ០២គ្រឿង មកគៀហើយធាក់ឲដួលរងរបួសដៃស្តាំ និងក្បាលជង្គង់ទាំងសងខាងរួចយកម៉ូតូជិះគេចខ្លួនទៅទិសខាងកើត។ ចំពោះម៉ូតូដែលបាត់បង់ ម៉ាក HONDA C125 ស៊េរីឆ្នាំ២០២$ ឡើងស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1Q-2048 លេខតួ-ម៉ាស៊ីន 5716642 ។
ក្រោយពីទទួលពណ៌មានពីជនរងគ្រោះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកសំរោងទង ដេញតាម និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ រួមមាន៖
ទី១- ឈ្មោះ ឃឿន សុឃន់ ភេទប្រុស អាយុ ១៧ឆ្នាំ ស្រុកកំណើត: ភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់ផ្ទះជួលម្តុំសឡា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
ទី២- ឈ្មោះ ហូ សុខហេងរតន: ហៅ ទី អាយុ ១៦ឆ្នាំ
មានស្រុកកំណើត: ភូមិ-ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានម៉ូតូ ម៉ាក Scoopy.i ស៊េរីឆ្នាំ២០១៧ ពណ៌ស ពាក់ស្លាកលេខព្រៃវែង1M-2719 ម៉ូតូធ្វើសកម្មភាព វែកឆាដែក ១។
លោកឧត្តមសេនីយ៍ត្រី សម សាក់ បានឲ្យដឹងបន្ថែមទៀតថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្តឃាត់បក្ខពួកក្រោមចោរបាន ចំនួន ០៤នាក់បន្ថែមទៀត រួមមាន៖
ទី១- ឈ្មោះ ហៀង ហុង ភេទប្រុស អាយុ ១៧ឆ្នាំ មានស្រុកកណើត សង្កាត់-ខណ្ឌស្ទឹងមានជ័យ ទីលំនៅភូមិសឡា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ដកហូតទូរសព្ទ ម៉ាក Vivo ០១គ្រឿង។
ទី២- ឈ្មោះ ចិន វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ មានស្រុកកំណើត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទីលំនៅបច្ចុប្បន្ន ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ទី៣- ឈ្មោះ ណុច បញ្ញា ហៅ នីន ភេទប្រុស អាយុ ១៧ឆ្នាំ មានស្រុកកំណើត ភូមិ៤ សង្កាត់ទំនប់ទឹក
បច្ចុប្បមានទីលំនៅ ភូមិ-សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ទី៤- ឈ្មោះ កែវ ប៊ុនថាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មានស្រុកកំណើត ភូមិបឹងធំ ឃុំបែកចាន ស្រុកអង្គស្នួល ស្នាក់នៅផ្ទះជួលភូមិ-សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
មុខសញ្ញាជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួននៅផ្ទះជួល ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដកហូតវត្ថុតាង ម៉ូតូ ចំនូន ០៣គ្រឿង
ម៉ាក ហុងដា C125 ស៊េរី២០២២ ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1V-1986 ម៉ូតូជនរងគ្រោះ, ម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1M-3024 ម៉ូតូជនរងគ្រោះដោះដូរគ្រឿង និងម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1X-2622។
ក្រុមជនសង្ស័យទាំង ០៤នាក់នេះ បានសារភាពថា បានធ្វើសកម្មភាពប្លន់នៅកំពង់ស្ពឺ ០៤លើក, នៅខណ្ឌដង្កោ ០១លើក នៅរង្វង់មូលគួរស្រូវ ០១លើក។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំពោះជនសង្ស័យមានឈ្មោះ បែត សៀវម៉ី ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិធម្មវិន័យ ឃុំស្នោ ស្រុកសំរោងខេត្តតាកែវ, ឈ្មោះ ម៉ុន ឡេងអាន ហៅឡេង ភេទស្រី អាយុ ១៧ឆ្នាំ នៅផ្ទះជួល ភូមិ-សង្កាត់បឹងសាឡាង ខណ្ឌទួលគោក, ឈ្មោះ ជិន សំណាង ភេប្រុស អាយុ ១៨ឆ្នាំ នៅផ្ទះជួលភូមិ-សង្កាត់អូរបែកក្អម និងឈ្មោះ ថាច់ វិន ភេទប្រុស អាយុ ១៣ឆ្នាំ
នៅផ្ទះជួលភូមិ-សង្កាត់អូរបែកក្អម អ្នកទាំង ០៤នាក់សមគំនិតក្នុងអំពើប្លន់។
ដោយឡែនជនសង្ស័យដែលឃាត់ខ្លួន ចំនួន ០៦នាក់ផ្សេងទៀត ស្នាក់នៅផ្ទះជួលនៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម
ទី១- ឈ្មោះ ឆែម ចេត ភេទប្រុស អាយុ ១៧ឆ្នាំ មានស្រុកកំណើត ស្រុកពញាឮ ខេត្តកណ្តាល ទីលំនៅ មិនពិតប្រាកដ។
ទី២- ឈ្មោះ ធន់ ណារិទ្ធ ភេទប្រុស ១៧ឆ្នាំ មានស្រុកកំណើត ស្រុកពញាឭ ខេត្តកណ្តាល ទីលំនៅ មិនពិតប្រាកដ។
ទី៣- ឈ្មោះ ជុន ណាវ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ
ស្រុកកំណើត ស្រុកពញាឭ ខេត្តកណ្តាល លំនៅមិនពិតប្រាកដ។
ដកហូត ម៉ូតូ C125 ស៊េរី២០២៣ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1KF- 5625 គ្មានកុងទ័រ គ្មានក្បាំង ។
ពួកគេឆ្លើយសារភាពថា ធ្លាប់បានធ្វើសកម្មភាព ប្លន់ម៉ូតូនៅក្រុងឧដុង្គម៉ែជ័យ ០១លើក, ប្លន់ម៉ូតូ នៅស្រុកពញាឭ ០១លើក, នៅខណ្ឌព្រែកព្នៅ ០១លើក, នៅទំនប់កបស្រូវ ០១លើក, នៅវិមានឈ្នះឈ្នះ ០១លើក និងនៅកន្លែងផ្សេងទៀតផងដែរ។
ទី៤- ឈ្មោះ ហុង ឌីណារ៉ាក់ ហៅ ពេជ្រ ១៦ឆ្នាំ នៅភូមិសឡា សង្កាត់ស្ទឹងមានជ័យ១។
ទី៥- ឈ្មោះ រិទ្ធ សុវណ្ណារាជ ភេទប្រុស អាយុ ១៦ឆ្នាំនៅផ្ទះជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៤។
ទី៦- ឈ្មោះ គង់ សម្បត្តិ ហៅ ជ្រូក ភេទប្រុស អាយុ ១៦ឆ្នាំ នៅផ្ទះជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៤
សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះអ្នកទាំង ០៣នាក់សមគំនិតក្នុងអំពើប្លន់។
សរុបក្នុងលទ្ធផលកិច្ចប្រតិបត្តិការទាំង ០២ករណី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ១៦
នាក់ ស្រី ០២នាក់ ដកហូតម៉ូតូ ចំនួន ០៥គ្រឿងម៉ូតូជនរងគ្រោះ ០២គ្រឿង, កាំបិតបុ័ងតោ១, វែកឆាដែក១។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៦នាក់បានឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
Comment