• Today: November 21, 2024

កាស៊ីណូគ្មានផ្លាកយីហោ ក្បែរច្រកទ្វារព្រំដែនទ្វេភាគី ”ដារ ហៅដូង៧ដើម” បើកឲ្យពលរដ្ឋខ្មែរចូលលេងដូចហែរឋិន

ត្បូងឃ្មុំ៖ កាស៊ីណូនីមួយៗនៅកម្ពុជាអាជ្ញាធរមិនតម្រូវឱ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងនោះឡើយ ក្នុងនោះបើខ្មែរចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ..! ប៉ុន្តែបើខ្មែរចូលលេងល្បែងជារឿងខុសច្បាប់ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ ចំពោះបទល្មើសមួយនេះ..!។ 

តែផ្ទុយទៅវិញ កាស៊ីណូ គ្មានផ្លាកយីហោ ត្រង់ចំណុច ក្បែរច្រកទ្វារព្រំដែនទ្វេភាគីដារ ហៅដូង៧ដើមស្ថិតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ និងបានកៀងគរឱ្យជនជាតិខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់នោះឡើយ..!។

មហាជននិយាយថា  រាល់សកម្មភាពទាំងនេះ ប្រាកដជាអាជ្ញាធរមូលដ្ឋានដឹងយ៉ាងច្បាស់ក្រឡែត ប៉ុន្តែទប់ស្កាត់ ឬបង្ក្រាបទុកបណ្តោយឲ្យប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ មិនដឹកជាមកពីមូលហេតុអ្វីឡើយ (sic)

បើតាមសេចក្ដីរាយការណ៍ បានឱ្យសារព័ត៌មានដឹងថា កាស៊ីណូ ច្រកដារ ហៅដូង៧ដើម ត្រង់ចំណុចខាងលើ គឺបានធ្វើអាជីវកម្ម បើកលេងល្បែងស៊ីសង រាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា..!។

ជាក់ស្ដែងក្រុមអ្នកញៀនល្បែង ដែលតែងតែប្រមូលផ្តុំគ្នា ចូលលេងល្បែងស៊ីសង ក្នុងកាស៊ីណូមួយនេះជាប្រចាំ ភាគច្រើន ជាពលរដ្ឋកម្ពុជាយើងមកពីតាមខេត្តនានា ពួកគេជិះរថយន្តដឹកគ្នីគ្នា ដឹកមាន់ជល់ផង និងខ្លះទៀតជិះម៉ូតូស្ពាយកន្ត្រកមាន់ជល់ងប្រសេកប្រសាចចូលកាស៊ីណូ ដើម្បីមកប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង ដូចជា៖ បញ្ជល់មាន់ ,បៀរ ,អាប៉ោង ,យូគី និងល្បែងស៊ីសងផ្សេងៗទៀត ដោយភ្នាល់ចាក់លុយធំៗយ៉ាងគគ្រឹកគគ្រេងបំផុត ក្នុងកាស៊ីណូច្រកដារ ហៅដូង៧ដើមនេះ។ 

 

ប្រភពព័ត៌មានថា មិនទាំងអស់ទេ ក្នុងនោះក៏មានជនជាតិវៀតណាមមួយចំនួនបានសម្រុកមកលេងល្បែង ក្នុងកាស៊ីណូ ច្រកដារ ហៅដូង៧ដើម ផងដែរ..!។ ពោល គឺពួកគេឆ្លងដែន ចូលមកតាមច្រកទ្វារព្រំដែនទ្វេភាគីដារ ដោយពុំមានការត្រួតពិនិត្យ និងគ្មានមានលិខិតស្នាមប៉ាស្ព័រអ្វីឡើយ..! ខណៈអាជ្ញាធរមូលដ្ឋានរួម និងសមត្ថកិច្ចនគរបាលការពារព្រំដែនគោកប្រចាំនៅច្រកទ្វារព្រំដែនទ្វេភាគីដារ ហៅដូង៧ដើម បានរក្សាភាពស្ងៀមស្ងាត់ ងាប់ត្រចៀកស្ដូកមើលមិនឃើញ ស្ដាប់មិនលឺនូវរាល់សកម្មភាពនេះទេ..!។

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នេះ លោកវរសេនីយ៍ឯក ប៉ោង ស៊ីណាត អធិការស្រុកមេមត់ មិនអាចសុំការបំភ្លឺបានទេ។

សូមបញ្ជាក់ថា សម្រាប់បើកអាជីវកម្ម កាស៊ីណូ និងអាជ្ញាប័ណ្ណសម្រាប់ផ្ដល់ឱ្យ កាស៊ីណូដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយ។ ពោល គឺ គោលការច្បាប់គេតម្រូវឱ្យតែជនបរទេស នាយទុនអ្នកវិនិយោគ ដែលមានលិខិតឆ្លងដែន ប៉ាស្ព័រ បានចុះលេខ ប្រថាប់ត្រាត្រឹមត្រូវលេងល្បែងប៉ុណ្ណោះ ក្នុងនោះ ប្រសិនជាខ្មែរ ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង.! ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូ ច្រកដារ ហៅដូង៧ដើម បែរជាបើកដំណើរការអាជីវកម្ម ដោយកៀងគរឱ្យខ្មែរ ចូលលេងល្បែង ហើយក៏មានជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់ ចូលមកលេងល្បែងថែមទៀត!

Tags

Comment