កំពត៖ អាជ្ញាធរខេត្តកំពត បានរៀបចំតុបតែកែលម្អរ បំពាក់អំពូលភ្លើងចម្រុះពណ៌ តាមដងផ្លូវសាធារណៈ ដើម្បីត្រៀមចូលរួមសង្សង្ក្រាន្តឆ្នាំថ្មី២០២៣នេះ ដែលមានរយៈពេល ចំនួន០៣ថ្ងៃ នៅថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
មន្ត្រីសាលាខេត្តកំពត បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលខេត្តកំពតរៀបចំឲ្យមានសង្ក្រាន្តឆ្នាំថ្មី តាមទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ល្អផូរផង់ និងមានដាក់តាំងលក់នំបុរាណខ្មែរ១០មុខ ក្នុងព្រឹត្តិការណ៍កំពតសង្ក្រាន្ត ដែលប្រជាជនខ្មែរគ្រប់ៗរូបធ្វើឡើងក្នុងគោលបំណងអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសល្អ សម្រាប់ជួបជុំ ក្រុមគ្រួសារ និងញ្ញាតមិត្តជិតឆ្ងាយ។
ក្នុងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តកំពត បានរៀបចំតុបតែងតែលម្អដាក់អំពូលភ្លើងចម្រុះពណ៌ នៅតាមដងផ្លូវ នៅក្នុងក្រុងកំពត និងមានការប្រគំតន្ត្រីសម័យ រាំលេងកម្សាន្ត លេងល្បែងប្រជាប្រិយ និងតាំងពិរព័ណ៍ បង្ហាញផលិតផលនំខ្មែរបុរាណ ១០មុខ និងមានសម្ភារៈប្រើប្រាស់សមិទ្ធផល ក្នុងស្រុក ព្រមទាំងមានការដុតកាំជ្រួច ដើម្បីបង្កឱ្យមានបរិយាកាសសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
រដ្ឋបាលខេត្តកំពត បានបញ្ជាក់ដែរថា យើងមានឆ្នេរខ្សាច់សម្រាប់ដើរលេងកម្សាន្តក្នុងព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានពីរកន្លែង សម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដើរលេងកម្សាន្តផងដែរ។
រដ្ឋបាលខេត្តកំពត សង្ឃឹមថានឹងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានទទួលជ្រាបជាដំណឹង និងអញ្ជើញមកចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម្ម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ជាពិសេសសក្តានុពលនៃខេត្តកំពតផងដែរ៕
Comment