• Today: September 17, 2024

ករណីខ្យល់កន្ដ្រាក់នៅស្រុកស្រែអំបិល មនុស្សម្នាក់បានស្លាប់និង៧នាក់ទៀតរងរបួសធ្ងន់ស្រាល

 

ខេត្តកោះកុង៖ ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកស្រែអំបិល លោកវេជ្ជបណ្ឌិត សៅ សូនី នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ករណីគ្រោះធម្មជាតិភ្លៀងខ្យល់កន្រ្តាក់នៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល បណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ និង៧នាក់ទៀតរងរបួសធ្ងន់ស្រាល


ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកស្រែអំបិល បានគូសបញ្ជាក់ថា ក្នុងចំណោមអ្នករបួសទាំង៧នាក់នោះ មាន២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិតរូបនេះ បានឱ្យដឹងទៀតថា មានករណីខ្យល់កន្រ្តាក់លាយឡំនឹងភ្លៀង កាលពីយប់មិញនេះ បណ្តាលឱ្យផ្ទះពលរដ្ឋចំនួន៣០ខ្នងបាក់ដួលរំលំ។ ក្នុងនោះមាន១២ខ្នង បាក់រំលំធ្ងន់ធ្ងរខ្លាំង។ 
គួរជម្រាបជូនថា តាំងពីថ្ងៃទី៣០ ខែកក្កដាម្សិលមិញនេះ ដោយមានភ្លៀងនៅតែបន្តធ្លាក់មិនដាច់ ក្នុងកម្រិតពីខ្សោយទៅមធ្យម បណ្តាលឱ្យមានការជន់លិចផ្លូវលំ ផ្ទះសម្បែងប្រជាពលរដ្ឋ និងដំណាំផ្សេងៗ នៅចំណុចអារែង ថ្មដូនពៅ និងឫស្សីជ្រុំ ក្នុងស្រុកថ្មបាំង។ 
បច្ចុប្បន្នអាជ្ញាធរ ក៏បានជម្លៀសប្រជាពលរដ្ឋរងគ្រោះមកទីទួលសុវត្តិភាព ដោយផ្តល់ជាស្បៀងអាហារ និងខ្លះទៀតកំពុងសម្រាកព្យាបាលជំងឺផងដែរ៕

Tags

Comment