បាត់ដំបង៖ មុខសញ្ញាជាទណ្ឌិតម្នាក់ និងពិរុទ្ធជនម្នាក់ទៀត ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនជាបន្តបន្ទាប់បញ្ជូនទៅពន្ធនាគារខេត្តបាត់ដំបង ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងអំពើលួច។
នគរបាលបានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកអនុវត្តដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួន របស់លោក គឹម ហេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង លេខ៦១៥ត.ព្រចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះ បង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ ស៊ុម ពិសិដ្ឋ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងករណី អំពេីលួច ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ក្រុមទី៣៨ ភូមិវត្តតាមិម ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
នៅថ្ងៃដដែលនេះ សមត្ថកិច្ចបានអនុវត្តដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួនលេខ១៣៧/២០២៣ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ របស់លោកស្រី ហ៊ុន សុីវហ្គិច ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចឃាត់ខ្លួនទណ្ឌិត ចំនួន០១នាក់ ឈ្មោះ សុីវ វ័ន្ដ ហៅ លឹប ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចក្បែរផ្លូវជាតិលេខ៥ ព្រំប្រទល់ស្រុកមោងឬស្សី ស្ថិតនៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធីហេីយ៕
Comment