• Today: December 03, 2024

កម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេស ក្នុងឃុំបិតត្រាំង ខេត្តព្រះសីហនុ បើកបរម៉ូតូក្នុងល្បឿនលឿនប្រញាប់ទៅធ្វើការជ្រុលបុកពីក្រោយរថយន្តកុងតឺន័រចតស្ងាមស្លាប់ភ្លាមៗ


ព្រះសីហនុ៖ បរុសជាកម្មករបម្រើការងាររោងចក្រម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែង ដោយសារបើកបរម៉ូតូក្នុងល្បឿនលឿនប្រញាប់ទៅធ្វើការងារបានជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងកុងតឺន័រកំពុងចតស្ងាមលើចិញ្ចើមផ្លូវបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។


ហេតុការណ៍កម្មករជិះម៉ូតូបុកពីក្រោយឡានកុងតឺន័រឈប់ចតលើចិញ្ចើមផ្លូវនេះ បានកើតឡើង នៅវេលាម៉ោងជិត ៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ស្ថិតតាមផ្លូវបេតុងចូលទៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 
សមត្ថកិច្ចនគរបាលបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រឿន ផានិត ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាកម្មកររោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ។
របាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា មានម៉ូតូ០១គ្រឿង ម៉ាក HONDA WAVE គ្មានផ្លាកលេខ បានធ្វើដំណើរពីទិសទិសដៅពីខាងលិចឆ្ពោះទៅខាងកើត បើកបរដោយជនរងគ្រោះឈ្មោះ រឿន ផានិត ជាកម្មកររោងចក្រក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយរថយន្ដ សណ្តោងកុងតឺនរ័ ០១គ្រឿង ដែលចតក្បែរចិញ្ចើមផ្លូវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-1581 និងលេខសណ្ដោងរ៉ឺម៉ក ព្រះសីហនុ 4A-7733 ទិសដៅស្របគ្នាអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។
បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង រថយន្ដ និងម៉ូតូបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Tags

Comment