• Today: November 21, 2024

ជនសង្ស័យម្នាក់វាយបំបែកកញ្ចក់ទូ ATMធនាគារអេសុីលីដាត្រូវនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ឃាត់ខ្លួន


ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើឱ្យខូចខាតដោយចេតនា(យកដៃវាយបណ្ដាលឱ្យបែកកញ្ចក់ទូATM)នៅចំណុចផ្លូវព្រះមុនីរ៉េត ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


   លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឃៀង ភារឹន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ(អេសុីលីដា) ស្នាក់នៅផ្ទះលេខ ២១ ផ្លូវលំ ភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ញ៉ុញ លាងសៀ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។
   នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ បានឱ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២:៥៣នាទី នៅចំណុចកើតហេតុខាងលើ មានជនសង្ស័យឈ្មោះ ញ៉ុញ លាងសៀ បានដើររើសអេតចាយមកដល់ចំណុចកើតហេតុស្រាប់តែឃើញទូATM ឯជនសង្ស័យក៏ចូលទៅ រួចយកកាតវីង(Wing)ទៅដាក់ចូលទូATM ធនាគារ(អេសុីលីដា)។ បន្ទាប់មកក៏ចុចដកកាតចេញវិញប៉ុន្តែដកមិនចេញ ទេីបជនសង្ស័យខឹងវាយកញ្ចក់ទូATM បីដៃបណ្ដាលឲ្យបែករួចរត់គេចខ្លួន ។ ស្របពេលនោះជនរងគ្រោះដែលជាបុគ្គលិកធនាគារកំពុងអង្គុយមើលកាមេរ៉ាសុវត្តិភាពឃើញដូចនោះ ក៏ចុះទៅដល់កន្លែងកើតហេតុប៉ុន្តែរកមិនឃើញជនសង្ស័យ។ លុះមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជយ័ទី៣ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ។ រហូតមកដល់វេលាម៉ោង ១៥:៥០នាទីថ្ងៃដដែលស្រាប់តែជនរងគ្រោះប្រទះឃើញជនសង្ស័យកំពុងដើរតាមផ្លូវព្រះមុនីរ៉េតក្បែរធនាគារ(អេសុីលីដា)ក្នុងសង្កាត់ស្ទឹងមានជយ័ទី១ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័ទី៣ចាត់ការតាមច្បាប់តែម្ដង។
   គួរបញ្ជាក់ថា សម្ភារខូតខាតមានកញ្ចក់ទូATM(អេសុីលីដា)ចំនួន០១  និងសម្ភារបន្សល់ទុក: កាតATMវីង លេខគណនី ០៣៩៥១៦២០ ។
   បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តតាមនីតិវិធី ៕

Tags

Comment