ភ្នំពេញ៖ ប្រជាពលរដ្ឋជាអតិថិជន ដែលបានទិញគម្រោងផ្ទះល្វែង មិងលំនៅដ្ឋានក្នុង «បុរីពិភពថ្មី» ជាច្រើននាក់ បានជួបជុំគ្នានៅមុខស្នាក់ការកណ្តាលក្រុមហ៊ុន ដើម្បីសុំជួបអ្នកឧកញ៉ា ហុង ពីវ ម្ចាស់គម្រោងក្នុងស្វែករកដំណោះស្រាយគ្នាដោយសន្តិវិធី ខណៈពួកគាត់កំពុងជួបបញ្ហា ប៉ុន្តែត្រូវបានអ្នកប្រចាំការក្នុងក្រុមហ៊ុនគំរាមកំហែងអតិថិជនថានឹងកម្លាំងសមត្ថកិច្ចមកចាប់ខ្លួន ព្រមទាំងបិទទ្វាការិយាល័យមិនចេញមុខជួបចរចាគ្នានោះឡើយ។
ក្រោយពេលមានការតវ៉ាពីអតិថិជន និងចោទប្រកាន់ថាអ្នកឧកញ៉ា ហុង ពីវ បានរំលោភបំពាននូវកិច្ចសន្យានោះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន «បុរីពិភពថ្មី» បានចេញសេចក្តីថ្លែងបកស្រាយបំភ្លឺជុំវិញរឿងកំពុងក្តៅគគុកនោះផងដែរ។
តំណាងប្រជាពលរដ្ឋដែលនាំគ្នាតវ៉ា នៅមុខស្នាក់ការកណ្តាលក្រុមហ៊ុន «បុរីពិភពថ្មី» របស់អ្នកឧកញ៉ា ហុង ពីវ បានលើកឡើងថា «ពួកគាត់ជាអតិថិជនបុរីពិភពថ្មី មកនេះដើម្បីចង់ជួបជាមួយអ្នកឧកញ៉ា ដើម្បីជជែកគ្នាដោយសន្តិវិធីស្វែងរកដំណោះស្រាយ ប៉ុន្តែបែរជាតំណាងក្រុមហ៊ុនបិទទ្វារការិយាល័យ និងគំរាមកំហែងឲ្យកងសន្តិសុខ និងហៅសមត្ថកិច្ចឲ្យចាប់ខ្លួនអតិថិជនរបស់ខ្លួនទៅវិញ»។ ក្រុមអតិថិជនគម្រោងផ្ទះល្វែង បុរីពិភពថ្មី បានបន្តទៀតថា «ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចខ្វះលទ្ធភាពបង់ ទើបនាំគ្នាមកជួបអ្នកឧកញ៉ា ហុង ពីវ ដើម្បីស្នើសុំបញ្ចុះការប្រាក់ កាត់បន្ថយការបង់ ឬសុំឱ្យក្រុមហ៊ុនទិញយកផ្ទះវិញដោយសុខចិត្តខាត ៥០% នៃតម្លៃដែលបង់រួចកន្លងមក»។
ក្រុមអតិថិជនដែលរងគ្រោះបានបញ្ជាក់ថា «ពេលដែលពួកគាត់យកលុយមកបង់ឲ្យក្រុមហ៊ុនអតិថិជនទាំងអស់ ដែលបានគាំទ្របុរីពិភពថ្មី នេះជាការរួមចំណែកដ៏ធំធេងជួយមន្ទីរពេទ្យគន្ធបុប្ផាជារៀងរាល់ឆ្នាំ ប៉ុន្តែពេលបង់លុយយឺតយកស្លាកបិទមុខផ្ទះថារឹបអូស ដល់ពេលអតិថិជននាំគ្នាចង់ជួបជាមួយអ្នកឧកញ៉ា ដើម្បីចរចាររកដំណោះ គឺមិនបានជួបថែមទាំងបិទទ្វារួចគំរាមហៅសមត្ថកិច្ចមកចាប់ខ្លួនអតិថិជនទៅវិញ»។
អតិថិជន បុរីពិភពថ្មី បានបញ្ជាក់ថា «ដំបូងឡើយពួកគាត់មើលឃើញថា អ្នកឧកញ៉ា ហុង ពីវ ជាមនុស្សចិត្តបុណ្យ សប្បុរសធម៌ និងបុរីមានគុណភាព ទើបមានជំនឿទុកចិត្តនាំគ្នាទិញ និងបង់រំលោះផ្ទះក្នុងគម្រោងផ្ទះល្វែងរបស់អ្នកឧកញ៉ា ប៉ុន្តែពេលនេះអ្នកឧកញ៉ាធ្វើស៊ីអតិថិជនដោយឈាមត្រជាក់បំផុត ដែលពីមុនអ្នកឧកញ៉ាទទួលទិញក្នុងតម្លៃដែលអតិថិជនលក់ខាត ៥០% រហូតដល់ពេលនេះ អត់ទិញយកវិញទេ បង់យឺតធ្វើការរឹបអូស ប៉ុន្តែក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យម្ចាស់បុរីទាំងអស់មិនត្រូវរឹបអូសពីអតិថិជនទើបដើរដោះស្លាកវិញ កុំអីមានអតិថិជនរងគ្រោះច្រើនណាស់»។
តំណាងប្រជាពលរដ្ឋជាងមួយពាន់គ្រួសាររស់នៅក្នុងបុរីពិភពថ្មីកំបូល បានសំណូមពរដល់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យជួយអន្តរាគមន៍ទៅអ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនបុរីពិភពថ្មី ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនេះទទួលទិញផ្ទះត្រឡប់វិញ ក្នុងតម្លៃ ៥០%ក្នុងករណីប្រជាពលរដ្ឋគ្មានលទ្ធភាពបង់ប្រាក់បន្តជូនក្រុមហ៊ុន ឱ្យស្របតាមកិច្ចសន្យាដែលក្រុមហ៊ុននេះធ្លាប់បានអនុវត្តជាមួយអតិថិជននាពេលកន្លងមក។
តំណាងប្រជាពលរដ្ឋបានបន្តថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលមិនមានលទ្ធភាពបង់ប្រាក់រំលស់ផ្ទះជូនក្រុមហ៊ុនបុរីពិភពថ្មីកំបូលតាមកាលកំណត់របស់ក្រុមហ៊ុន ព្រោះជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងររកប្រាក់ចំណូលមិនបានហើយក៏បង្ខំចិត្តលក់ផ្ទះជូនក្រុមហ៊ុនវិញ ដែលអ្នកខ្លះបានបង់រំលស់ចាប់ពី៣ទៅ៥ឆ្នាំមកហើយនោះ ប៉ុន្តែបែរជាក្រុមហ៊ុនបុរីពិភពថ្មីកំបូល មិនទទួលទិញយកផ្ទះបង់រំលស់នោះវិញទេ នៅពេលប្រជាពលរដ្ឋមិនមានប្រាក់បង់ជូនក្រុមហ៊ុនបន្តទៀត គឺខាងក្រុមហ៊ុនបានមកបិទសេចក្តីជូនដំណឹងរឹបអូសយកផ្ទះ និងយកសោចាក់ទ្វារផ្ទះមិនឱ្យប្រជាពលរដ្ឋរស់នៅ។
ក្រុមតំណាងអតិថិជនដែលបានទិញផ្ទះល្វែងនៅបុរីពិភពថ្មី បានចោទប្រកាន់ក្រុមហ៊ុនថា «ម្ចាស់បុរីភិភពថ្មី បានរំលោភបំពាននូវកិច្ចសន្យាដែលធ្វើឲ្យអតិថិជនអស់ជំនឿទុកចិត្តទាំងស្រុងតែម្តង»។
ក្រោយពីផ្ទុះការតវ៉ា និងរងការចោទប្រកាន់ពីអតិថិជន ក្រុមហ៊ុន បុរីពិភពថ្មី បានសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះថា «ក្រុមហ៊ុន បុរីពិភពថ្មី ចាប់ផ្ដើមសាងសង់ផ្ទះលក់ជូនអតិថិជន ចាប់ពីឆ្នាំ២០០៣ រហូតមកដល់ បច្ចុប្បន្ននេះ អស់រយៈពេល ២០ឆ្នាំមកហើយ។ អតិថិជនដែលបានទិញសម្រាប់រស់នៅ ក៏បានចំណេញពីការឡើងថ្លៃនៃផ្ទះដែលកំពុង រស់នៅ។ រីឯអតិថិជនវិនិយោគដែលបានទិញ-លក់ៗ ក៏បានចំណេញរាប់ម៉ឺនដុល្លារមកហើយដែរ»។
ក្រុមហ៊ុន បុរីពិភពថ្មី បានឲ្យដឹងទៀតថា មកដល់បច្ចុប្បន្ននេះ ដោយសារមានវិបត្តិសេដ្ឋកិច្ចសកល ប្រទេសយើងក៏មិនអាចជៀសផុត បានដែរ ជាពិសេស ខាងវិស័យអចលនទ្រព្យ ដូចអតិថិជនបានយល់ដឹងហើយថា ទូកធំក្ដោងធំ អតិថិជនជួបវិបត្តិ ក្រុមហ៊ុនរឹតតែជួបវិបត្តិ កាន់តែធំជាងអតិថិជនទៅទៀត។ ប៉ុន្ដែក្រុមហ៊ុននៅតែសម្រួលជូន អតិថិជនតាមលទ្ធភាពដែលអាចធ្វើទៅបាន៖
១- ក្រុមហ៊ុននៅតែអនុវត្ត១០០%ទៅតាមកិច្ចសន្យាលក់-ទិញ ដែលមានចែងជាលាយលក្ខណ៍អក្សរ
២-បន្តផ្តល់ការរៀបចំឥណទានសារឡើងវិញ
៣-ពន្យារយៈពេលបង់រំលស់ពី ១៧ឆ្នាំ រហូតដល់ ៣០ឆ្នាំ
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បុរីពិភពថ្មី បានបញ្ជាក់ថា «កន្លងមកក្រុមហ៊ុនបានយកទ្រព្យសម្បត្តិទៅតម្កល់នៅធនាគារដើម្បីខ្ចីប្រាក់មកវិនិយោគទិញដី និងសង់ផ្ទះលក់ ជូនអតិថិជន ហើយក្រុមហ៊ុនក៏ត្រូវបង់ការប្រាក់ជូនធនាគារផងដែរ»។
ចំណែកអតិថិជនមកទិញផ្ទះពីក្រុមហ៊ុនមានភាពងាយស្រួលបំផុត៖ ១- គ្មានប្រាក់កក់, ២- គ្មានការបញ្ចាក់ ចំណូល ចំណាយ និង៣-គ្រាន់តែបង់រំលស់ប្រចាំខែ អាចចូលរស់នៅបាន និងមានសិទ្ធិអាស្រ័យផល ក្នុងនាមជាម្ចាស់ផ្ទះ។ ដូច្នេះក្រុមហ៊ុនបុរីពិភពថ្មី បានគោរពរាល់កិច្ចសន្យា ជាមួយអតិថិជនទាំងអស់ដោយគ្មានការកែប្រែឡើយ។
ក្រុមហ៊ុនបុរីពិភពថ្មី បានបញ្ជាក់ថា «បើនីតិបុគ្គល រូបវន្តបុគ្គល ឬអតិថិជនណា ដែលបានយកឈ្មោះក្រុមហ៊ុន ទៅផ្សាយ ព័ត៌មានមិនពិត ក្នុង ចេតនាបំផ្លើស លាបពណ៌ ក្នុងបំណងបង្ហូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនដោយប្រើប្រាស់ កែប្រែខុសពីការពិតនៃអង្គហេតុនីមួយៗ រវាងក្រុមហ៊ុន និងអតិថិជន នោះក្រុមហ៊ុននឹងប្រើប្រាស់ សិទ្ធិដើម្បី តតាំងតាមផ្លូវច្បាប់ក្នុងបំណងការពារកិត្តិយសក្រុមហ៊ុន និងសូមឲ្យតុលាការធ្វើការផ្តន្ទាទោសជនទាំងឡាយណាដែលបានប្រព្រឹត្តិដូចបានរៀបរាប់ខាងលើ តាមផ្លូវច្បាប់ ធន់ល្មម នឹងកេរ្តិ៍ ឈ្មោះក្រុមហ៊ុនដែលជននោះបានប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរបំផុត»។
សូមរំឭកថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិកនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនមានប្រសាសន៍ណែនាំឲ្យម្ចាស់បុរី ហៅម្ចាស់ផ្ទះដែលត្រូវបានរឹបអូសផ្ទះមកជជែកគ្នាហើយផ្តល់ផ្ទះត្រឡប់ទៅវិញដោយចិត្តធម៌ ក្រោមនយោបាយ «ឈ្នះ-ឈ្នះ»។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ និងស្នើប្រធានសមាគមអចលនទ្រព្យធ្វើការជាមួយសមាជិកដែលជាម្ចាស់បុរីកែសម្រួលកិច្ចសន្យាបង់រំលស់ផ្ទះតាមបុរី ដើម្បីឱ្យពលរដ្ឋអាចបន្តមានលទ្ធភាពបង់បន្តបាន ចៀសវាងរឹបអូសដែលបង្កើតទៅជាការឈឺចាប់ និងប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម។
នាឱកាសនោះដែរ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា «ម្ចាស់បុរី ទាំងអស់មិនត្រូវបន្តរឹបអូសផ្ទះពីប្រជាពលរដ្ឋ ដែលខ្វះលទ្ធភាពបង់រំលស់ទៀតទេ ហើយប្តូរមកពន្យារយៈពេល នៃការបង់រំលស់ជូនពលរដ្ឋ ឱ្យវែងជាងមុន ឬបន្ធូបន្ថយថ្លៃបង់រំលស់ប្រចាំខែមកទាបជាងមុនវិញ»៕
Comment