• Today: November 21, 2024

បុរសម្នាក់បើករថយន្តដឹកទឹកកកទៅបុកខឿនសួនផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត ដឹកទឹកកក ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានគេចពីម៉ូតូមួយគ្រឿងនៅពីមុខជ្រុលទៅបុកខឿនសួនផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវវេងស្រេង ខាងមុខផ្សារទំនើបខេម៉ល សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក KAIពណ៌សដឹកទឹកកកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BM-6044 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេចពីម៉ូតូមួយគ្រឿងមិនចាំម៉ាក នៅពីមុខបួងចង្កូតជ្រុលទៅបុកខឿន បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ចំណែកឯម៉ូតូបន្តល្បឿនបើកទៅមុខ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ បានចុះមកដល់រួចក៏ទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីឱ្យចុះមកធ្វើកំណត់ហេតុ យករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

Tags

Comment