ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពតខេត្តកំពតនាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣ នេះបានសម្តែងសេចក្តីត្រេកអរយ៉ាងខ្លាំង ពេលឃើញអាជ្ញាធរធ្វើផ្លូវបេតុងថ្មី២ខ្សែបន្ថែមនៅក្នុងមូលដ្ឋានពួកគាត់ចាប់ផ្តើមស្ថាបនា ព្រោះពួកគាត់កំពុងរំពឹងថា ពេលមានផ្លូវល្អ ការធ្វើដំណើរ ការប្រកបមុខរបរលក់ដូរ និងការរស់នៅនឹងកាន់តែមានការប្រសើរជាថែមទៀតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានថ្លែងអំណរគុណដល់សម្តេចតេជោ និង ឯកឧត្តមអភិបាលខេត្តកំពតដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋ។
បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមនៅសងខាងផ្លូវបេតុង ២ ខ្សែ ដែលចាប់ផ្តើមស្ថាបនាជាផ្លូវបេតុងសរសៃដែក ដែលស្ថិតនៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពតបានសម្តែងសេចក្តីត្រេកអរយ៉ាងខ្លាំង ដែលប្រមុខរាជរដ្ឋាភិបាលបានផ្តល់ផ្លូវបេតុង២ខ្សែបន្ថែមទៀតជូនដល់ពួកគាត់ តាមរយៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។
ប្រជាពលរដ្ឋបានបញ្ជាក់ឧ្យដឹងថា បានទន្ទឹងរង់ចាំការស្ថាបនាផ្លូវនេះជាយូរណាស់មកហើយ ព្រោះពួកគាត់បានរំពឹងថា ពេលមានផ្លូវល្អ ការធ្វើដំណើរ ការប្រកបមុខរបរលក់ដូរ និងការរស់នៅរបស់ពួកគាត់ ឱ្យកាន់តែមានការប្រសើរឡើងជាថែមទៀត ហើយប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោ និងឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត ដែលតែងតែមានការគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ។
តាមការលើកឡើងរបស់ លោក លាង រឿនសុធី អភិបាលក្រុងកំពតបានឱ្យដឹងថា កម្ពុជានាបច្ចុប្បន្ន ជ្រកក្រោមដំបូល នៃសុខសន្តិភាព សមិទ្ធផលជាច្រើនបានលេចឡើងពេញផ្ទៃប្រទេស ក្នុងនោះខេត្តកំពតក្រោមការដឹកនាំ និងចង្អុលបង្ហាញពីឯកឧត្តមម៉ៅ ធនិន តែងតែគិតគូរអំពីសុខទុក្ខ និងការលំបាករបស់ពលរដ្ឋ ហើយក្នុងនោះផ្លូវក្នុងក្រុងកំពត ឯកឧត្តមបាននិងកំពុងស្ថាបនា ជាផ្លូវបេតុងទាំងអស់។
លោក លាង រឿនសុធី អភិបាលក្រុងកំពតបានប្រាប់ឱ្យដឹងថា ផ្លូវទាំងពីរខ្សែនេះរួមមាន ខ្សែទី១នៅខាងជើងពហុកីឡដ្ឋានខេត្តកំពត ដែលមានបណ្តោយប្រវែង ២០៥ម៉ែត្រ និងមានទទឹង ១២ម៉ែត្រ (ពង្រីក៤ម៉ែត្របន្ថែម) ដែលមានកម្រាស់ ០.១៥ម៉ែត្រ អមដោយលូដោះទឹកសងខាង និងខ្សែទី២ ផ្លូវខាងត្បូងផ្សាររុយ (ផ្លូវមន្ទីរកសិកម្មចាស់) ដែលមានបណ្តោយប្រវែង ២០៨ម៉ែត្រ និងមានទទឹង ៧ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រដូចគ្នា។
នេះបើតាមការលើកឡើងពីអាជ្ញាធរក្រុងកំពតបានបន្តឧ្យដឹងថាមកដល់ពេលនេះមានផ្លូវបេតុងជាង២០ខ្សែ នាបច្ចុប្បន្ននៅក្នុងមូលដ្ឋាននៃក្រុងកំពត។(សឹង រ៉ាត់)
Comment