• Today: November 21, 2024

កម្មករ កម្មការិនី ចូលរួមទាំងអស់គ្នាបញ្ឈប់ការចោលសំរាមពាសវាលពាសកាល ដើម្បីលើកម្ពស់មុខមាត់ខេត្តស៊ីវិល័យ

កំពង់ស្ពឺ៖   ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានស្នើសុំឱ្យកម្មករ កម្មការិនីដែលបម្រើការងារតាមរោងចក្រសហគ្រាសទាំងអស់ ត្រូវរួមគ្នាបញ្ឈប់ការចោលសំរាមពាសវាលពាសកាល ដើម្បីជួយលើកកម្ពស់មុខមាត់ និងសោភ័ណភាពខេត្តស៊ីវិល័យ ។

ការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺ ធ្វើឡើងក្នុងជំនួបសាកសួរសុខទុក្ខ និងចែកម្សៅទឹកដោះគោជួនដល់ស្រ្តីជាកម្មការិនីរោងចក្រ ស៊ីគ្លូ ស្ថិតក្នុងក្រយងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានកូនតូចៗ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា «ខេត្តកំពង់ស្ពឺ ត្រូវបានគេផ្តល់រហ័សនាមថា ជាខេត្តស៊ីវិល័យ ក្រោយពីខេត្តនេះ បានរងការរិះគន់អស់ជាច្រើនឆ្នាំថា ជាខេត្តក្រីក្រ គ្មានទ្រព្យធន»។ 

លោកអភិបាលខេត្តបានបន្ថែមថា «ដោយសក្តានុពល នៃខេត្តកំពង់ស្ពឺ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឱ្យអ្នកវិនិយោគទុនបានដាក់ទុនរកស៊ីនៅក្នុងខេត្តនេះ ហើយផ្តល់ឱការងារដល់កូនក្មួយប្រមាណជាង១៥ម៉ឺននាក់»។ តាមរយៈឱកាសការងារនេះដែរ បានធ្វើឱ្យជីវភាពក្រុមគ្រួសាររបស់កូនក្មួយមានភាពប្រសើរឡើងជាលំដាប់មិនតែប៉ុណ្ណោះទៀតសោត ដីធ្លីរបស់បងប្អូន កូនក្មួយក៏មានតំលៃផងដែរ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ «បានស្នើសុំឱ្យបងប្អូនកម្មករ កម្មការិនីត្រូវតែនាំគ្នាចូលរួមបញ្ឈប់ការចោលសំរាមពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់ និងបរិស្ថានខេត្ត ពិសេសប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលគេមកលេងរមណីយដ្ឋានដ៏សំបូរបែបក្នុងខេត្តយើង» ។ ម្យ៉ាងមួយវិញទៀត ខេត្តកំពង់ស្ពឺក៏ទើបនឹងទទួលបានពានរង្វាន់ «រំដួលពីរទង» ជាទីក្រុងស្អាតផងដែរ។ 

លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «បើម្នាក់ចោលសំរាម ឬថង់មួយនៅទីសាធារណៈចុះកម្មករ កម្មការិនីជាង១៥ម៉ឺននាក់ តើសំរាមនិងកើនឡើងកម្រឹតណាក្នុងមួយថ្ងៃយើងកុំពឹងផ្អែកលើតែអ្នកបោស ឬប្រមូលសំរាមយើងគួរនាំគ្នាចូលរួមគិតគូលើបញ្ហានេះទាំងអស់គ្នា ដើម្បីលើកកម្ពស់មុខមាត់ខេត្តយើង ព្រោះថាបញ្ហាសំរាមមិនមែនជាកាតព្វកិច្ចនរណាម្នាក់នោះទេ គឺផ្តើមចេញពីយើងទាំងអស់គ្នាតែម្តង»

 

 

 

 

 

 

Tags

Comment