ដើម្បីធ្វើអោយប្រសើរឡើងសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ គិតចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ រតនគិរី ព្រះវិហារ បាត់ដំបង សៀមរាប និងខេត្តព្រះវិហារ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម ដោយបានជួសជុលថែទាំ សាងសង់-សម្អាតស្មៅ កៀរនិងកិនបង្ហាប់គ្រឹះ លុបសំបុកមាន់ អ៊ុតកៅស៊ូ (Reseal) រោយថ្មម៉ិចពង្រីកតួផ្លូវ អ៊ុតចិញ្ចើមផ្លូវ អ៊ុតគំនូស-បំពាក់ផ្លាកបង្គោលសញ្ញាចរាចរណ៍ លាបថ្នាំ-ដាំបង្គោលបង្ហាញផ្លូវ កៀរសម្អាតចិញ្ចើមផ្លូវ ប៉ះចិញ្ចើមផ្លូវ នៅលើកំណាត់ផ្លូវជាច្រើនខ្សែ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៧ លេខ៨ លេខ៦២ លេខ៧២ លេខ១៥៧១B លេខ៩៥ លេខ៩ លេខ១១ លេខ៧២ លេខ៦៧ លេខ៦៣ លេខ៦ លេខ៦៤ និងផ្លូវជាតិលេខ៩៥ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញពេលវេលា និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។
ទន្ទឹមនឹងផ្លូវថ្នល់ស្អាតល្អ សូមបងប្អូនប្រជាពលរដ្ឋ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់ ដើម្បីរក្សាផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។
ប្រសិនបើមានបញ្ហាផ្លូវថ្នល់ខូចខាតក្លាយជាជង្ហុកសំបុកមាន់ សូមបងប្អូនប្រជាពលរដ្ឋទាញយកកម្មវិធីថែទាំផ្លូវ (Road Care) និងរាយការណ៍មកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអាចចាត់ក្រុមការងារចុះជួសជុល ថែទាំបានទាន់ពេលវេលា។
Comment