កែប៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ អាជ្ញាធរខេត្តកែប បានអនុវត្តការងារជួសជុល កែលម្អទីតាំងឆ្នេរកែប និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រេចបានប្រមាណ ៩៩ភាគរយ ដើម្បីត្រៀមទទួលអត្តពលិកដែលត្រូវទៅប្រកួតកីឡាស៊ីហ្គេម នៅក្នុងខេត្តកែប និងកំពុងពន្លឿនបំពាក់ភ្លើងបំភ្លឺបន្ថែមទៀត។
មន្ត្រីរដ្ឋបាលខេត្តកែប បានលើកឡើងឱ្យដឹងថា អាជ្ញាធរខេត្តកែប «បានត្រៀមសណ្ឋាគារពីរកន្លែង និងទីតាំងសម្រាប់កីឡាករ កីឡាការិនីសម្រាកក្នុងពេលទៅប្រកួតនៅក្នុងខេត្តកែបរួចរាល់អសហើយ»។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងជំរុញពន្លឿនតារដ្ឋានអ៊ុតកៅស៊ី AC ផ្លូវលេខ៣៣A នៅក្នុងក្រុងកែប ឱ្យបានឆាប់រហ័សទាន់ពេលវេលា ដើម្បីត្រៀមទទួលប្រភេទកីឡា «ទ្រីយ៉ាថ្លុង» ដែលត្រូវប្រកួតនៅក្នុងខេត្តកែប។ ក្នុងនោះរដ្ឋបាលខេត្ត បានបន្ថែមឱ្យដឹងទៀតថា ព្រឹត្តិការណ៍ស៊ីហ្គេម «កីឡាទ្រីយ៉ាថ្លុង» នេះ គឺមានបីវិញ្ញាសារ រួមមាន៖ កីឡាហែលទឹកសមុទ្រ ,ជិះកង់ និងរត់ចម្ងាយជាដើម។
មន្ត្រីរដ្ឋបាលខេត្តកែប បានលើងឡើងថានេះ ជាការកត់សម្គាល់ការអនុវត្តការងាររៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីត្រៀមក្នុងទីរួមខេត្តកែប ក៏មានបញ្ហាប្រឈមនូវភាពចម្រូងចម្រាស់មួយចំនួននផងដែរ ដោយមានបងប្អូនក្រុមអាជីវករលក់ដូរនៅតាមបណ្តោយឆ្នេរកែប បានបង្ហាញការពេញចិត្តចំពោះវិធានការរបស់រដ្ឋបាលខេត្តកែបដែលអនុវត្តនាពេលកន្លងមកផងដែរ។
ចំពោះបញ្ហាចម្រូងចម្រាស់រវាងអាជ្ញាធរជាមួយបងប្អូនក្រុមអាជីវករដែលលក់ដូរនៅតាមបណ្តោយឆ្នេរខេត្តកែបនេះវាមិនមែនជាលើកទី១ទេ គឺធ្លាប់កើតមានជាញឹកញាប់ ហើយរដ្ឋបាលខេត្តកែបបានរំដោះឆ្នេរកែបចេញបានពីកណ្តាប់ដៃក្រុមអាជីវករមកវិញ គឺដើម្បីកុំឱ្យមានការប៉ះពាល់ទៅដល់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តនៅតាមតំបន់ឆ្នេរខេត្តកែបតែម្តង៕ ដោយ៖សឹង រ៉ាត់
Comment