កណ្តាល៖ អ្នកប្រកបមុខរបរប៉ះកង់ម៉ូតូ-រថយន្តចល័ត ចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល ធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា មិនឲ្យរកស៊ីនៅលើស្ពានអ្នកលឿងបន្តទៀតទេ ក្រោយពីល្បីល្បាញថា បានបាចវីស ដែកកាំកង់ និងដែកគោលលើដងផ្លូវដើម្បីឲ្យមុតកង់ម៉ូតូ និងរថយន្តរួចចូលប៉ះកន្លែងរបស់ខ្លួននោះ។
ក្រោយពីល្បីមានករណីមិនប្រក្រតីរឿងធ្លាយកង់ម៉ូតូ-កង់រថយន្តបែបនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដាក់បទបញ្ជាឲ្យលោកអធិការនគរបាលស្រុកលើកដែក ស្រាវជ្រាវករណីខាងលើជាបន្ទាន់។
ជុំវិញរឿងរ៉ាវនេះ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង៣០នាទីព្រឹក លោកអធិការបានបញ្ជាកម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុក រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ និងកំពង់ភ្នំ បានស្រាវជ្រាវកោះហៅប្រជាពលរដ្ឋ ដែលមានមុខរបររកសុីប៉ះម៉ូតូ-ឡានចល័ត នៅតាមបណ្តោយផ្លូវជាតិលេខ ១ ត្រង់ចំណុច ស្ពានអ្នកលឿង មកសាកសួរបំភ្លឺ ចំនូន ០២នាក់ រួមមាន៖
ទី១- ឈ្មោះ គង់ វិបុល ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ទី២-ឈ្មោះ ហុត ធូ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ពាក់ព័ន្ធករណីនេះផងដែរ លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដាក់ផែនការដល់អាជ្ញាធរឃុំព្រែកទន្លាប់, ឃុំកំពង់ភ្នំ, កងកម្លាំងទាំង ៣ប្រភេទក្នុងស្រុក, ប្រជាការពារ និងសិក្សានុសិស្សវិទ្យាល័យកំពង់ភ្នំ ធ្វើការបោសសំអាតជាប្រចាំក្នុង ១សប្តាហ៍មាន ២ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ និងបានធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវឲ្យចូលរួមថែរក្សា និងសំអាតបរិស្ថាន ចាប់ពីគល់ស្ពានរហូតដល់លើស្ពាន និងបានដាក់អំពូលសូឡាបំភ្លឺសងខាងផ្លូវចាប់ពីគល់ស្ពានអ្នកលឿងត្រើយខាងលិចរហូតដល់ព្រំប្រទល់ស្រុកកៀនស្វាយ ក្នុងការជួយសម្រួល និងកាត់បន្ថយគ្រោះថ្នាក់ដល់ពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ នេះផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្លូវជាតិលេខ១ មានលំហូរចរាចរណ៍ចេញ-ចូលច្រើន ជាក់ស្តែងរថយន្តដឹកទំនិញដឹករបស់របរអេតចាយឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយដែលជាហេតុធ្វើឱ្យកំទេចកំទីដែកទាំងនោះធ្លាក់លើផ្លូវ ពិសេសចំណុចចង្អូរលកបន្ថយល្បឿន។
ចំពោះចំណាត់ការ បានធ្វើកិច្ចសន្យាអប់រំ លើកទី១ ដល់ពួកគាត់ទាំងពីរនាក់ មិនឱ្យទៅប្រកបមុខរបរប៉ះម៉ូតូ-ឡានចល័ត នៅលើស្ពានអ្នកលឿង បន្តទៀតទេ។
១- ករណីឃើញមានពួកកាត់ទៅប្រកបមុខរបរនេះនៅលើស្ពានទៀត សមត្ថកិច្ចនឹងធ្វើការដកហូតសម្ភាររកសុីនេះមកកន្លែងសមត្ថកិច្ចរហូតមិនប្រគល់ជូនពួកគាត់វិញឡើយ។
២- ករណីឃើញពួកគាត់ទាំងពីរ និងប្រជាពលរដ្ឋផ្សេងទៀត ធ្វើសកម្មភាពបាចដែកគោល វីស និងដែកកាំកង់នៅលើស្ពាន គឺសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកសាងឯកសារទៅតុលាការតាមនីតិវិធីច្បាប់។
៣- ចំពោះករណីខាងលើនេះ កម្លាំងជំនាញស្រុកលើកដែក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ និងកំពង់ភ្នំ និងបន្តស្រាវជ្រាវ រកអ្នកផ្សេងទៀតដែលប្រព្រឹត្តល្មើសច្បាប់ដើម្បីចាត់ការទៅតាមនីតិវិធី៕
Comment