សៀមរាប៖ បុរសម្នាក់ដែលស្លាប់ ក្នុងចំណោម ជនរងគ្រោះ ចំនួន ០៤នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ០២គ្រឿង បុកគ្នាលើផ្លូវជាតិលេខ៦ ក្នុងជីក្រែង គឺជាបងប្រុសបង្កើតលោក អេង ឆៃអ៊ាង ជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់បក្សប្រឆាំងរត់ចោលស្រុក។
ក្រោយសាច់ញាតិជួបហេតុការណ៍ដ៏អាក្រក់នេះ លោក អេង ឆៃអ៊ាង បានសរសេរលើបណ្តាញសង្គមថា «ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ព័ត៌មានដ៏រន្ធត់ និងសោកស្ដាយចំពោះរូបខ្ញុំ និង ក្រុមគ្រួសារ គឺប៉ុន្មានម៉ោងមុននេះ ផ្លូវថ្នល់ (ផ្លូវជាតិ លេខ៦ ត្រង់ចំនុចឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ) បានពិឃាតជីវិត បងប្រុសរបស់ខ្ញុំ អៀង ឆេងលាង។ សូមឲ្យវិញ្ញាណក្ខន្ធបងប្រុស បានចាកផុតពីឋានទុក្ខ ហើយបានទៅកាន់ឋានសុគតិភព»។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៣៨នាទី លើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (២៤៣-២៤៤) ត្រង់ចំណុចទល់មុខផ្ទះឈ្មោះ សួន ថា ក្នុងភូមិព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ០៣នាក់ទៀតរងរបួសអ្ងន់។
របាយការាណ៍ប៉ូលិស បានឲ្យដឹងថា រថយន្ត ម៉ាក Ford transit ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 2AP-8364 ប្រភេទដឹកអ្នកដំណើរធុនតូច ពណ៌ស របស់ក្រុមហ៊ុនដឹកអ្នកដំណើរ «ឡារីតា» អ្នកបើកបរឈ្មោះ ស៉ឹម ចំរើន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ដឹកមនុស្ស ចំនួន ១៣នាក់ ទិសដៅពីកើតទៅលិច បានបុករថយន្ត ម៉ាក Toyota raize ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 2BO-3010 ប្រភេទគ្រួសារ ពណ៌ស អ្នកបើកបរឈ្មោះ ឆុង ឆន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដឹកមនុស្ស ០៣នាក់ រួមមាន៖
១- ឈ្មោះ សាន្ត ឆេងលាង ហៅ អេង ឆេងលាង ភេទប្រុស អាយុ ៦៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ជាបងប្រុសបង្កើតលោក អេង ឆៃអ៊ាង ក្រុមជ្រុលនិយមប្រឆាំងផ្កាប់មុខ។
២- ឈ្មោះ សាន្ត រដ្ឋា ភេទស្រី អាយុ ២៤ឆ្នាំរស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
៣- ឈ្មោះ ឆន សុវណ្ណរក្សា ភេទស្រីអយុ ០២ឆ្នាំ ភូមិឈើទាល ឃុំកំពង់ ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងហេតុការណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ ឈ្មោះ សាន្ត ឆេងលាង ហៅ អេង ឆេងលាង ភេទប្រុស អ្នករួមដំណើររថយន្ត Toyota raize និងអ្នករបួសធ្ងន់ ចំនួន ០៣នាក់៖
ទី១-,ឈ្មោះ ឆុង ឆន ភេទ ប្រុស អ្នកបើកបររថយន្ត Toyota raize, ឈ្មោះសាន្ត រដ្ឋា ភេទស្រីអ្នករួមដំណើររថយន្ត Toyota raize របួសធ្ងន់។
ទី២- ឈ្មោះ ឆន សុវណ្ណរក្សា ភេទស្រី អ្នករួមដំណើររថយន្ត Toyota raize របួសធ្ងន់។
ទី៣- ឈ្មោះ ORSINA ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិអ៊ីតាលី អ្នករួមដំណើររថយន្ត Ford transit របួសស្រាល។
នគរបាលជំនាញផ្នែកចរាចរាណ៍ បានឲ្យដឹងថា ចំពោះមូលហេតុបណ្តាលមកពីអ្នកបើកបររថយន្ត ម៉ាក Ford transit ក្រុមហ៊ុន «ឡារីតា» មិនប្រកាន់ស្តាំបានជ្រុលទៅបុករថយន្ត Toyota raize ទាំងកំរោល អ្នកបើកបររថយន្ត Ford transit ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកជីក្រែង។
បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងពាក់ព័ន្ធរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកជីក្រែងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
Comment