• Today: November 21, 2024

ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងអបអរសាទរព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» នៅខេត្តកំពង់ធំ

កំពង់ធំ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត អបអរសាទរ ព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» នៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ 

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។

ព្រះមហាក្សត្រខ្មែរបានយកព្រះទ័យទុកដាក់ចំពោះព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» នេះណាស់ ដោយពីអតីតកាល ទ្រង់បានយាងច្រត់ព្រះនង្គ័លដោយអង្គឯង។ ប៉ុន្តែសម័យក្រោយៗមក ព្រះមហាក្សត្រគ្រាន់តែយាងជាអធិបតី ដោយមានតំណាងព្រះមហាក្សជាអ្នកច្រត់នង្គ័លជំនួសវិញ។

នៅក្នុងព្រះរាជពិធីមង្គលនេះ ជារៀងរាល់ពេលដែលគោឧសភរាជទាំងពីរបរិភោគអាហារទាំង៧មុខរួចហើយ ប្រជារាស្ត្រខ្មែរតែងតែនាំគ្នាយកសំណល់អាហារជាអាថិ៍ដូចជា ស្រូវ សណ្ដែក ពោត និងល្ងជាដើម ដើម្បីរក្សាទុក ដោយមានជំនឿថា សំណល់អាហារទាំងនោះ នឹងផ្ដល់សេចក្ដីសុខចំពោះរូបគេម្នាក់ៗ។

ចំណែកប្រជានុរាស្ត្រដែលចិញ្ចឹមជីវិតដោយរបរកសិកម្មវិញ តែងតែជឿថា ប្រសិនបើបានយកសំណល់គ្រាប់ធុញ្ញជាតិទាំងនោះ ទៅរួមផ្សំជាមួយគ្រាប់ពូជដែលពួកគេត្រូវបង្កបង្កើនផលនារដូវខាងមុខ នោះរបរកសិកម្មរបស់ពួកគេនឹងចម្រុងចម្រើន ទទួលបានទិន្នផលខ្ពស់ជាដើម។ ដោយឡែក  ការទស្សន៍ទាយនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ក៏ត្រូវបានប្រជាកសិករតាំងពីបុរាណកាល ជឿជាក់និងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ។

ក្នុងព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ក្នុងឆ្នាំនេះគោឧបរាជបរិភោក ពោធ ស្រូវ និងសណ្តែក ដែលប្រផ្នូលល្អប្រជានុរាស្ត្រធ្វើស្រែចំការ បង្កបង្កើនផលដំណាំកសិកម្មផ្សេងៗ ទទួលបានទិន្នផល៩៨ភាគរយ និងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕

Tags

Comment