• Today: November 21, 2024

ទោះក្រុម «ហែក» តាមតេឡេក្រាម ជាប់ពន្ធនាគារជាបណ្តោះអាសន្ន ក៏ដោយ សូមបងប្រុងប្រយ័ត្ន និងស្តាប់ពីការសារភាពរបស់ជនល្មើស


ភ្នំពេញ ៖ តាមចម្លើយសារភាពរបស់ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន បានឲ្យដឹងថា ពួកគេស្គាល់ក្រុម Hacker តាមរយៈតែវីឆាត (WeChat) ប៉ុណ្ណោះ ដោយមិនដឹងថា ពួកនោះនៅទីណាទេ គ្រាន់តែធ្លាប់ឮពួកវាប្រាប់ថា រស់នៅប្រទេសថៃ ហើយពួកវាបានប្រាប់បន្តថា អាចហែកចូលតេឡេក្រាមបាន តាមរយៈផ្ញើសារ ឬកម្មវិធីអ្វីមួយទៅបុគ្គលណាម្នាក់ ប្រសិនបើបុគ្គលរូបនោះចុចចូលមើល នោះពួកវានឹងចូលទៅគ្រប់គ្រងកម្មវិធីទូរស័ព្ទ ឬឈានដល់គ្រប់គ្រងអាក់ខោនធនាគារបាន និងម្យ៉ាងទៀត ប្រសិនបើយើងថតស្កែនលេខតេឡេក្រាម៥ខ្ទង់ផ្ញើទៅឲ្យពួកវា នោះពួកវាក៏អាចគ្រប់គ្រង Telegram យើងបានដូចគ្នា។ ហើយរាល់ប្រតិបត្តិការជោគជ័យទាំងអស់ ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន ទទួលបាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២%, និងឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់ទាំងប៉ុន្មាន គឺត្រូវផ្ញើទៅឲ្យក្រុម Hacker តាមរយៈធនាគារ «ហ៊ុយវ័ង»។


តាមរយៈបទពិសោធន៍នៃការបង្ក្រាបករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា ដោយសារតែបច្ចេកវិទ្យាដើរលឿនពេក ធ្វើឲ្យមានកម្មវិធីជាច្រើនដែលយើងមិនអាចតាមទាន់បាន ដូច្នេះបងប្អូនដែលប្រើទូរស័ព្ទទាំងអស់ មិនត្រូវចូលមើល Link ឬ App ណាមួយ ដែលមានប្រភពមិនច្បាស់លាស់ ហើយផ្ញើមកឲ្យយើងតាមរយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏ដូចជាមិនត្រូវឆ្លើយឆ្លងជាមួយសារទាំងឡាយណា ដែលទាមទារឲ្យយើងបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួន ទិន្នន័យធនាគារ ឬថតស្គ្រីនទូរស័ព្ទ របស់យើងទៅពួកគេនោះឡើយ ។
លោកបន្តថា ហើយបើមានអ្នកស្គាល់ផ្ញើសារជាអក្សរខ្មែរ ឬអក្សរបរទេសមកយើង ដើម្បីខ្ចីប្រាក់ ឬទារប្រាក់ ឬក៏បង្ខំឲ្យទូទាត់អ្វីផ្សេងៗ យើងមិនត្រូវផ្ទេរប្រាក់ទៅភ្លាមៗនោះទេ គឺត្រូវឆែកបញ្ជាក់ឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីចៀសវាងការខាតបង់ ឬការចាញ់បោ.ក ដោយប្រការណាមួយនៅលើការប្រើប្រាស់ទូរស័ព្ទ។
សូមបញ្ជាក់ថា : លោក ធាម ច័ន្ទពិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនក្រុម «ហែក» តាមតេឡេក្រាម ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.សមគំនិតក្នុងអំពើឆបោក មានស្ថានទម្ងន់ទោស ចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តនៃទន្និនន័យ នៃការប្រព្រឹត្តរបស់ជនត្រូវចោទ។ 
សូមបញ្ជាក់ថា : ជនត្រូវចោទ ខាងលើនេះ រួមមាន ៖ 
ទី១- ឈ្មោះ YU YULONG ជនជាតិចិន អ្នកទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស។ 
ទី២- ឈ្មោះ មាស ស្រីចិន (ហៅស្រីពៅ) ជនជាតិខ្មែរ (ប្រពន្ធរបស់ឈ្មោះ YU YULONG) អ្នកទទួលខុសត្រូវបកប្រែឆាតពីខ្មែរទៅចិន និងពីចិនទៅខ្មែរ ទាំងអក្សរ និងសម្លេង ឲ្យក្រុម Hacker។ 
ទី៣- ឈ្មោះ HUANG ZHENG LIANG ជនជាតិចិន អ្នទទួលខុសត្រូវខាងដកលុយចេញពីធនាគារ រកបណ្តាញបន្ថែម និងពេលខ្លះទំនាក់ទំនងផ្ទាល់ជាមួយក្រុម Hacker ។ 
ទី៤- ឈ្មោះ ZHANG ZHAOCUN ជនជាតិចិន អ្នកទទួលខុសត្រូវខាងដកលុយចេញពីធនាគារ។

និងទី៥- ឈ្មោះ LI QUEQIN អ្នកទទួលខុសត្រូវតម្កល់ប្រាក់នៅធនាគារ ដើម្បីធានាប្រតិបត្តិការឲ្យក្រុម Hacker នៅក្រៅប្រទេស។
ក្រុម Hacker ទាំង៥នាក់ខាងលើនេះ ត្រូវបានតុលាការចោទប្រកាន់បទល្មើសដូចគ្នា គឺបទ (សមគំនិតក្នុងអំពើឆបោកមានស្ថានទទម្ងន់ទោស ចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តនៃទន្និន័យ) តាមបញ្ញត្តិមាត្រា២៩ មាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៨០ ចំណុច៥ មាត្រា៤២៧ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣។


សូមជម្រាបថា កាលពីថ្មីៗកន្លងទៅនេះ មានករណីហែកចូលតេឡេក្រាមជាច្រើនករណីបានកើតឡើង បង្កឲ្យមានជនរងគ្រោះមួយចំនួនត្រូវខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារ ដោយសារតែការបោកបញ្ឆោតនេះ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូន មិត្តភក្តិ ជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគំរាមទារប្រាក់ពីអតិថិជនដែលជំពាក់ខ្លួនផងដែរ។
ស្របពេលជាមួយគ្នានោះ គឺមានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយឆាតមកខ្ចីប្រាក់ខ្លួនចំនួន ៦០,០០០$ ហើយខ្លួនក៏បានវេរទៅឲ្យអស់ ១០,០០០$ ប៉ុន្តែដោយមានការសង្ស័យ ក៏តេទៅអតិថិជនផ្ទាល់ដើម្បីសួរនាំ ទើបដឹងថា មានការចាញ់បោ.កជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួនបានអះអាងថា មិនបានឆាតខ្ចីប្រាក់នោះទេ គឺមានគេហែកចូលតេឡេក្រាមរបស់គាត់បាត់ហើយ។

តាមរយៈវិធានការជំនាញ និងការតាមប្រមាញ់ជាប់ប្រចាំ រហូតដល់ថ្ងៃទី១៧ ថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ជាបន្តបន្ទាប់ (ក្នុងនោះខ្មែរម្នាក់ និងចិន០៤នាក់) ដែលមានការពាក់ព័ន្ធជាបណ្តាញជាមួយក្រុម Hacker នៅឯបរទេស ហើយធ្វើសកម្មភាពហែកចូលតេឡេក្រាមរបស់មនុស្សជាច្រើន ដើម្បីឆបោកប្រាក់ ៕

Tags

Comment