ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីម្នាក់បើករថយន្តហួសផ្លូវក៏បានបើកថយមកក្រោយវិញ តែដោយរថយន្តជាប់ហ្គែរក៏ជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាត ហើយភ្លាមៗនោះក៏ដាក់លេខបើកទៅមុខវិញជ្រុលទៅបុកចូលផ្ទះលក់ចាបហួយមួយកន្លែងទៀតនិងរ៉ឺម៉កលក់នំបណ្តាលឱ្យស្ត្រីអ្នកលក់ចាប់ហួយរងរបួសធ្ងន់។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់បើករថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BV-8207ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុជាផ្លូវបំបែកជា៣ក៏ជិះហួសផ្លូវដែលត្រូវទៅបន្តិច ហើយបានបើកថយក្រោយមកវិញ តែដោយសារតែរថយន្តជាប់ហ្គែរក៏ជ្រុលទៅបុកទ្វាររបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យដាច់ត្រចៀកទ្វារ ភ្លាមនោះក៏ដាក់លេខទៅមុខវិញហើយរថយន្តនៅតែជាប់ហ្គែរក៏ជ្រុលបុកចូលផ្ទះលក់ចាបហួយមួយកន្លែងទៀតនិងរ៉ឺម៉កដឹកទំនិញ(នំកញ្ចប់)ដែលឈប់ដាក់អីវ៉ាន់បណ្តាលឱ្យស្ត្រីអ្នកលក់ចាប់ហួយរងរបួសជើងធ្ងន់ ហើយរថយន្តកល់ជាប់ម៉ូតូមួយគ្រឿងទៀតទៅមុខលែងរួច។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តបង្កបានធ្វើការសម្របសម្រួលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
Comment