ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទូលថ្វាយសារលិខិតអរព្រះរាជគុណថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យចំនួន ៣,០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣។
កាកបាទក្រហមកម្ពុជា
សូមក្រាបបង្គំទូលថ្វាយ
សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួល នូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 3,000 USD (បីពាន់ដុល្លារអាមេរិក) របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លា ចំពោះកាកបាទ ក្រហមកម្ពុជា សម្រាប់ត្រីមាសទី ២ ( ខែមេសា,ខែឧសភា និងខែមិថុនា ) ឆ្នាំ២០២៣ តាមរយៈ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ ជារៀងរហូតមក សម្រាប់ទ្រទ្រង់ សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ។
ខ្ញុំម្ចាស់ និងសហការីទាំងអស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យ ដ៏ឧត្តុង្គឧត្តមនេះ ទៅតាមព្រះរាជតម្រិះ ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជួយសង្គ្រោះដល់ប្រជារាស្ត្រក្រីក្រ និងប្រជារាស្ត្រដែលទទួលរងគ្រោះមហន្តរាយផ្សេងៗ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ។
ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រះបារមី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះ វររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជា ណាចក្រកម្ពុជា ជ្រកកោនតរៀងទៅ ។
សេចក្តីគួរពុំគួរ សូមព្រះមេត្តាករុណា ប្រោសព្រះរាជទានទោស ៕
Comment