ថ្ងៃសុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ June 30, 2023
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាម អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយសគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេកដោយបានជួបសំណេះសំណាល ជាមួយបងប្អូននារីជាអ្នកគ្រូពេទ្យ អ្នកគ្រូបង្រៀន និងអ្នកទទួលបន្ទុកកិច្ចការនារីឃុំ-សង្កាត់។ នាងខ្ញុំសូមស្វាគមន៍ប្រកបដោយមនោសញ្ចេតនាភាតរភាព ចំពោះវត្តមាន លោកជំទាវ លោកស្រី និងប្អូនៗនារីទាំងអស់ ដែលបានមកចូលរួមក្នុងពិធីនាពេលនេះ។ សូមជម្រាបបងប្អូនថា ពិធីសំណេះសំណាលនាពេលនេះគឺ ធ្វើឡើងដើម្បីបង្កើនភាពស្និទ្ធស្នាល និងសួរសុខទុក្ខគា្នទៅវិញទៅមកក្នុងមនោសញ្ចេតនាភាតរភាពជាបងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬឋានៈសង្គមឡើយ។
អង្គពិធីទាំងមូល ជាទីមេត្រី! ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើង មានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ និងមានស្ថិរភាពនយោបាយ ព្រមទាំងមានសុខសន្តិភាពពេញលេញគួរឱ្យមោទកភាពបំផុត។ ដោយសារតែយើងមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាកាលានុវត្តដ៏ប្រពៃ សម្រាប់បងប្អូននារី ដើម្បីកសាងសង្គមគ្រួសារមួយដែលមានសុភមង្គល និងប្រកបដោយក្តីសប្បាយរីករាយ។ ស្ត្រីត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចនៃសង្គមជាតិ។ ក្នុងគោលបំណងលើកស្ទួយនិងផ្ដល់ឱកាសដល់ស្រ្តី រាជរដ្ឋាភិបាលបានបង្កើតសំណាញ់សុវត្ថិ ភាពសង្គម ប្រកបដោយចីរភាព សំដៅធានាដល់ការបង្កើនកម្រិតជីវភាពរស់នៅរបស់បងប្អូនមន្ត្រីរាជការដែលកំពុងបម្រើការងារ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយសុខដុមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍ ដោយបានយកចិត្តទុកដាក់កែសម្រួលរបបគោលនយោបាយ ជូនចំពោះបងប្អូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ជាបន្តបន្ទាប់ ស្របតាមលទ្ធភាពនៃកំណើនសេដ្ឋកិច្ច និងបាន ដំណើរការបើកប្រាក់បៀវត្ស ប្រាក់ឧត្ថម្ភប្រចាំខែបានទៀងទាត់ និងទាន់ពេលវេលាតាមរយៈប្រព័ន្ធធនាគារ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានលើកឡើង នូវគោលនយោបាយជាច្រើនដើម្បីលើកកម្ពស់ស្ថានភាពស្ត្រី ជាពិសេសគោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ ត្រូវបានថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានាយកចិត្តទុកដាក់ និងជំរុញយ៉ាងសកម្ម។
ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពី កម្លាំង កាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការងារសង្គមរបស់លោកជំទាវ លោកស្រី ជាពិសេស អ្នកគ្រូពេទ្យ នៅក្នុងបរិបទកូរីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ដល់បច្ចុប្បន្ន មានការមមាញឹកយ៉ាងខ្លាំង ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក៏ដូចជាអ្នកជំងឺទូទៅ និងផ្តល់សេវាសុខាភិបាល ដល់ស្ត្រីគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តកោះកុង។ ទន្ទឹមនឹងនេះអ្នកគ្រូបង្រៀន ក៏បានរួមចំណែកក្នុង ការងារអប់រំ ណែនាំ ផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបណ្តុះបណ្តាល ដល់សិស្សានុសិស្ស ដែលជា ទំពាំងស្នងឬស្សី ដើម្បីធ្វើជាគ្រឹះរឹងមាំសម្រាប់អនាគត និងអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើន។ យើងពិតជាមានមោទកភាពណាស់ សម្រាប់បងប្អូននារីយើង និងសូមឱ្យបងប្អូននារីយើង ទាំងអស់គ្នា ត្រូវប្រកបដោយសុទិដ្ឋិនិយម បន្តនូវសេចក្តីក្លាហានដើម្បីអភិវឌ្ឍន៍ខ្លួនឯងកាន់តែរឹងមាំ និងល្អប្រសើរជាងនេះបន្ថែមទៀត។
សមិទ្ធផលក៏ធំធេងដូចបានរៀបរាប់ និងបញ្ជាក់ជូនខាងលើ រួមទាំងសុខសន្តិភាព និងភាព សុខដុមរមនា ដែលយើងទទួលបានមករហូតដល់សព្វថ្ងៃនេះ គឺពិតជាមិនអាចផ្តាច់បាននូវ វីរភាព នៃការរួមចំណែកដ៏ធំធេង ពីបងប្អូននារីយើងគ្រប់មជ្ឈដ្ឋាន ដែលបានខិតខំតស៊ូ ជំនះរាល់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋយើងដោយពុំខ្លាចនឿយហត់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏មហាឡារិកនេះ ខ្ញុំសំណូមពរដល់បងប្អូននារីយើងទាំងអស់ ទោះបីបម្រើការងារក្នុងអង្គភាពណាក៏ដោយ សូមបន្តថែរក្សាស្នាដៃគំរូដ៏ល្អនេះដល់យុវជន យុវនារី ជំនាន់ក្រោយ និងត្រូវចេះថែរក្សាសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរតាមប្រពៃណីដ៏ល្អផូរផង់របស់ដូនតា យើង និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
អង្គពិធីទាំងមូលជាទីមេត្រី! ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ខ្ញុំសូមសំណូមពរ ដល់បងប្អូននារីទាំងអស់ ត្រូវជួយគ្រប់គ្រង និងជំរុញសមាជិកក្នុងគ្រួសាររបស់ខ្លួន និងបងប្អូននារីយើងនៅគ្រប់ទិសទី ដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោតត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោត ត្រូវទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕
Comment