នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីពិនិត្យលើវឌ្ឍនភាព នៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងប្រកាសសមាសភាពគណៈកម្មាធិការកែសម្រួលថ្មី។
ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន បានជំរុញដល់គណ:កម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តមានជាអាទិ៍៖
-បន្តផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប និង ០២ បប និងសារាចរលេខ ០២ស សារាចរណែនាំ លេខ ០៥សរណន របស់រាជរដ្ឋាភិបាលឲ្យដល់ភូមិ ឃុំ/សង្កាត់ និងក្រុង/ស្រុក។ -បន្តទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសធនធានធម្មជាតិ និងទប់ស្កាត់ ការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិចាប់សត្វព្រៃ ការលួចធ្វើអាជីវកម្មរ៉ែខុសច្បាប់។
-បន្តស្រាវជ្រាវរុករកដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបទល្មើសធនធានធម្មជាតិឲ្យដូចភ្លៀងរលឹម។
-បន្តជំរុញផ្សព្វផ្សាយ និងអប់រំដល់សហគមន៍មូលដ្ឋានឲ្យចូលរួមរាយការណ៍ ដើម្បីទប់ស្កាត់ ការពារធនធានធម្មជាតិ ។
-បន្តការចុះត្រួតពិនិត្យតាមក្រុមហ៊ុនដែលមានរោងម៉ាស៊ីនអារកែច្នៃឈើ សិប្បកម្មកែច្នៃឈើ ដេប៉ូឈឺ ដែលស្តុបឈើដោយគ្មានច្បាប់។
-បន្តដាក់កម្លាំងដើរល្បាតត្រួតពិនិត្យតាមគោលដៅក្នុងភូមិ
សាស្ត្រខេត្តរតនគិរី។
-បន្តពង្រឹងទំនាក់ទំនងសហការជាមួយសហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធដើម្បីចូលរួមទប់ស្កាត់
និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
-ធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ការប្រព្រឹត្តបទល្មើសព្រៃឈើបទល្មើសធនធានធម្មជាតិ ការជួញដូរសត្វព្រៃខុសច្បាប់ និងការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋ។
សូមបញ្ជាក់ថា ក្នុងរបាយការណ៍របស់គណៈកម្មាធិការដែលបានលើកឡើងក្នុងអង្គប្រជុំបានបង្ហាញថា បទល្មើសធនធានធម្មជាតិ ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ សភាពការណ៍នៃបទល្មើសធនធានធម្មជាតិភូមិសាស្ត្រខេត្តរតនគិរី នៅតែកើតមាន ដូចជាការបរបាញ់សត្វ ដាក់អន្ទាក់ចាប់សត្វក្នុងរូបភាពតូចៗ សម្រាប់ដោះស្រាយជីវភាព ការហ៊ុមព័ទ្ធនិង កាប់រានព្រៃយកដីធ្វើចម្ការក៏នៅកើតមាន និងសន្និធិឈើអារពុំមានច្បាប់អនុញ្ញាត និងការកាប់ឈើសម្រាប់តម្រូវ ការប្រើប្រាស់តាមគ្រួសារនៅមូលដ្ឋាន។
សរុបបទល្មើសដែលបានធ្វើការទប់ស្កាត់មានចំនួន៥១៥លើក សរុបចំនួន ១១៦ករណី ក្នុងនោះបទល្មើសសត្វព្រៃចំនួន២៣ករណី បទល្មើសព្រៃឈើចំនួន១៧ករណី បទល្មើសកាប់រានដី ព្រៃយកធ្វើកម្មសិទ្ធិចំនួន៧០ករណី និងបទល្មើសនេសាទចំនួន៤ករណីបទល្មើសបង្កើតឡធ្យូងចំនួន០២ករណី។បានដកហូត អាវុធម៉ាក់CKCចំនួន០១
គ្រឿង អន្ទាក់ចាប់សត្វចំនួន ៣២៨ខ្សែ រណារយន្តចំនួន០៨គ្រឿង ឧបករណ៍ឆក់ត្រីចំនួន០២គ្រឿង អាវុធកែច្នៃចំនួន០៥ដើម ម៉ូតូកែច្នៃ ចំនួន០៤គ្រឿង មងចាប់សត្វចំនួន០៩ដៃ បន្ដឹងសត្វចំនួន៣០ ម៉ាស៊ីនខួងរណ្តៅចំនួន០១គ្រឿង សត្វព្រៃចំនួន ០៣ក្បាលស្មើនឹង៦គ.ក ដកដើមចេកចំនួន២៥ដើម រុះរើឡធ្យូងចំនួន០៤កន្លែង និងខ្ទមចំនួន០៥កន្លែង។មានការកាប់រានដីព្រៃមានផ្ទៃដីទំហ៊ំ៧៨,០១ហិកតានិងដកបង្គោលរបងចំនួន១៧៩បង្គោល។ ឈើប្រភេទចម្រុះចំនួន១៧៨ដុំ/កំណាត់ស្មើនឹង១២ម៉ែត្រគូបនិងរថយន្តចំនួន០១គ្រឿង។
ក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើមូលដ្ឋានមានបទល្មើសសរុបចំនួន១៧ករណី បញ្ចូនសំណុំរឿងទៅ អយ្យការអមសាលាដំបូងខេត្តចំនួន១៣ករណី ពិន័យអន្តរការណ៍ចំនួន
០៣ករណី។ ក្នុងនោះរួមមានឈើប្រភេទ ចម្រុះចំនួន៧៩០គ.ក្រ និង១៧៦ដុំ ស្មើនឹង២៥ម៉ែត្រគូបនិងវល្លិ៍រមៀតចំនួន៣៣២០គ.ក្រ។មធ្យោបាយ បទល្មើសរថយន្តចំនួន៤គ្រឿង និងម៉ូតូចំនួន៦គ្រឿង។បទល្មើសកាប់រានដីព្រៃមានផ្ទៃដីទំហំ១៣៦,០៥ហិកតា។ មានមធ្យោបាយបទល្មើសចំនួន០២គ្រឿង និងជនល្មើសចំនួន០៥នាក់៕
Comment