កំពង់ស្ពឺ៖ ក្រុមមុខសញ្ញាតែងតែធ្វើសកម្មភាពបាញ់កញ្ចក់រថយន្តដោយជំពាមកៅស៊ូផ្លូវល្បឿនលឿន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្នងការនគរបាលកំពង់ស្ពឺ បើកការស៊ើបអង្កេត និងស្រាវជ្រាវរហូតបង្រ្កាបបានដល់ទីតាំងជំរុំស្នាក់នៅរបស់ពួកវា។
ក្រោយពេលនគរបាលបង្ក្រាប ជនសង្ស័យបានអះអាងថា «ការប្រើប្រាស់ជំពាមកៅស៊ូបាញ់សំដៅរថយន្តអ្នកដំណើរពេលខ្លះមានប្រសិទ្ធភាព និងពេលខ្លះមិនបានផលនោះទេ»។
ជាក់ស្ដែងសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទី ចំណុចជំរុំក្បែរផ្លូវល្បឿនលឿន ក្នុងភូមិស្លារ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មុខសញ្ញាយ៉ាងសកម្មបាញ់កញ្ចក់រថយន្តយន្តផ្លូវល្បឿនលឿនមានឈ្មោះ ឈឿម ដែន ហៅខ្មៅ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិអូក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង។
នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោយទទួលបានបណ្ដឹងជាបន្ដបន្ទាប់ពីសំណាក់អ្នកដំណេីរជាជនរងគ្រោះ និងតំណាងក្រុមហ៊ុន ផ្លូវល្បឿនលឿន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបេីកប្រតិបត្ដិការស្រាវជ្រាវរកមុខសញ្ញាដែលតែងតែបង្កអសន្ដិសុខ គប់ បាញ់កញ្ចក់រថយន្ដ រហូតឈានដល់ការចាប់ខ្លួនតែម្តង។
ជនសង្ស័យបានសារភាពនថា «ខ្លួន និងបក្ខពួកបានធ្វេីសកម្មភាពយកចំពាមកៅស៊ូគ្រាប់ថ្មបាញ់កញ្ចក់រថយន្តដែលធ្វេីដំណេីរឆ្លងកាត់លេីផ្លូវល្បឿនលឿនម្ដុំអូរក្រាំងអំបិល និងផ្លូវជាតិលេខ៤ ភូមិស្លារ ឃុំវល្លិ៍សជាញឹកញាប់»។
ប្រតិបត្តិការណ៍ខាងលើ ធ្វើឡើងដោយមានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានសហការជាមួយកម្លាំងនគរបាលប្រចាំការលេីផ្លូវល្បឿនលឿន ស្រាវជ្រាវតាមវិធានជំនាញឃាត់ខ្លួនបានមុខសញ្ញាម្នាក់ចំណោមបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។តាមចម្លើយសារភាពរបស់ឈ្មោះ ឈឿម ដែន ហៅខ្មៅ បានបញ្ជាក់ថា «ការធ្វេីសកម្មភាពមិនរេីសប្រភេទរថយន្ដ និងពេលវេលាទេឥ្យតែខ្លួន និងបក្ខពួកចេញមកពីកន្លែងដែលស្នាក់នៅបណ្ដោះអាសន្ន (ទីតាំងប្រេីប្រាស់គ្រឿងញៀន) កន្លងមកខ្លួនបានយកជំពាមដាក់គ្រាប់ថ្មបាញ់ទៅលេីឡានជាច្រេីនតែមិនដឹងថាចំបែកកញ្ចក់ ឬកំពិតនោះទេ តែការបាញ់គប់កញ្ចក់រថយន្ដមិនមែនមានតែខ្លួនទេ គឺមានបក្ខពួកផ្សេងទៀត»។ ជនសង្ស័យ ឈឿម ដែន បានសារភាពថា «ករណីបាញ់កញ្ចក់រថយន្តដោយប្រើជំពាមកៅស៊ូ គឺពេលខ្លះមានប្រសិទ្ធភាព និងពេលខ្លះមិនបានផលនោះទេ»។
ករណីនេះកម្លាំងនគរបាលជំនាញកំពុងបន្តស្រាវជ្រាវ តាមចាប់បច្ចុប្បន្នសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យអនុវត្ដតាមនីតិវិធី៕
Comment