(សៀមរាប)៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី៨៧ ដល់លោកតា សាត វឿន អាយុ៧៣ឆ្នាំ និងប្រពន្ធឈ្មោះ ឆែម អាន ដែលជាជនចាស់ជរាទីទ័លក្រ រស់នៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
តាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឲ្យដឹងថា លោកតា សាត វឿន និងភរិយា មានកូនចំនួន៥នាក់ ក្នុងនោះដែរ កូនប្រុសវ័យ៤៨ឆ្នាំ ជាអតីតយុទ្ធជនពិការភ្នែក និងពិការដៃ ក្នុងសមរភូមិអន្លង់វែងក្នុងឆ្នាំ១៩៩៧ និងកូនស្រីវ័យ៤១ឆ្នាំជាស្ត្រីមេម៉ាយ ប្ដីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ ដោយឡែក កូន៣នាក់ទៀត បានបែកគ្រួសារ និងទៅធ្វើការនៅឆ្ងាយពីផ្ទះ។ បច្ចុប្បន្ននេះ លោកតា លោកយាយ និងកូនស្រី ស្នាក់នៅក្នុងខ្ទមទ្រុឌទ្រោម និងសំយ៉ាបជង្រុកស្រូវ រីឯកូនប្រុសមានពិការភាពស្នាក់នៅវត្ត។
ក្នុងឱកាសនោះ លោកស្រី ទាង អេង ទៀសីហា បានលើកឡើងថា ផ្ទះមនុស្សធម៌ទី៨៧ និងអំណោយដែលបាននាំយកមកប្រគល់ជូនលោកតា លោកយាយ និងប្រជាពលរដ្ឋនាពេលនេះ គឺទទួលបានពីសាខាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ ជានិច្ចជាកាលសម្ដេច តែងតែមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបទុក្ខលំបាក ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរល សាសនាអ្វីឡើយ។
លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែលះបង់នូវកម្លាំងកាយ មិនខ្លាចការនឿយហត់ ធ្វើយ៉ាងណាទៅឱ្យដល់កន្លែងប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាក ក៏ដូចជាកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។
ទន្ទឹមនោះដែរ លោកស្រីក៏បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន ដែលបានបង្ហាញនូវឆន្ទៈទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កន្លងមកយ៉ាងច្រើនកុះករ។ លោកស្រីបន្តថា នេះជាសកម្មភាពបង្ហាញពីការឈឺឆ្អាលជាមួយប្រទេសជាតិ ដើម្បីជ្រើសរើសមេដឹកនាំដែលមានសមត្ថភាព និងសាកសមសម្រាប់ដឹកនាំប្រទេសកម្ពុជាទៅរកសុខសន្តិភាព និងការអភិវឌ្ឍកាន់រីកចម្រើនបន្ថែមទៀត។
សូមជម្រាបថា ផ្ទះមនុស្សធម៌ទី៨៧នេះ សង់លើផ្ទៃដីផ្ទាល់ខ្លួនរបស់លោកតាលោកយាយ មានទំហំ ៦ម៉ែត្រ គុណ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត និងបាតក្រាលការ៉ូ មានកម្ពស់ផុតពីដីកន្លះម៉ែត្រ។
អំណោយដែលចែកជូនលោកតា លោកយាយ ដើម្បីឡើងគេហដ្ឋានថ្មី រួមមាន៖ អង្ករ ៦០គីឡូក្រាម មី២កេស ត្រីខ២យួរ ថវិកា៤០ម៉ឹនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត។ ដោយឡែក គ្រួសារក្រីក្រចំនួន ១០០គ្រួសារ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ថវិកា ៤ម៉ឹនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀតផងដែរ៕
Comment