ខេត្តបាត់ដំបង៖ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃពុធទី១៩ខែមេសាឆ្នាំ២០២៣នេះបានឱ្យដឹងថាក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា នាប៉ុន្មានថ្ងៃនេះកត់សម្គាល់ឃើញថា នៅតាមបណ្តាមូលដ្ឋានក្រុង ស្រុកមួយចំនួនមានកើតឡើងនូវករណីចោរកម្ម លួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលបញ្ហានេះនាំបង្កនូវក្តីបារម្ភដល់ប្រជាពលរដ្ឋ រួមនឹងមហាជនទូទៅផងដែរពិសេសអ្នកប្រើប្រាស់ បណ្តាញសង្គម។
ពិនិត្យលើទិដ្ឋភាពជាក់ស្តែងនៃបញ្ហានេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានដាក់ចេញនូវបទបញ្ជាភ្លាមៗទៅដល់ផែនការងារជំនាញ ព្រមទាំងអធិការនគរបាល ក្រុង ស្រុកទាំងអស់ ពិសេសក្រុង ស្រុក ដែលលេចឡើងនូវបញ្ហាអសន្តិសុខនេះ ត្រូវចាត់វិធានការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ដោយយកចិត្តទុកដាក់បំផុតដើម្បីស្វែងរកជនប្រព្រឹត្តិល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងបង្កនូវជំនឿទុកចិត្តពី សំណាក់ប្រជាពលរដ្ឋក៏ដូចមហាជនទូទៅផងដែរ ។
លោកឧត្តមសេនីយ៍ទោ ស្នងការបញ្ជាក់ទៅកាន់លោកអធិការនគរបាលក្រុង ស្រុកទាំងអស់ សូមកុំចាត់ទុកករណីល្មើសច្បាប់ទាំងនោះថាជារឿងតូច តាចឱ្យសោះ ព្រោះគ្រប់ករណីល្មើសដែលកើតមានក្នុងមូលដ្ឋាន ទោះតូចក្តី ធំក្តី តែនេះជាអំពើល្មើសច្បាប់ ដែលសមត្ថកិច្ចត្រូវតែចាត់វិធានការ និងជាក្តីបារម្ភបំផុតរបស់ប្រជាពលរដ្ឋ ហើយរាល់បញ្ហាទាំង នេះបានជះឥទ្ធិពលមិនល្អសម្រាប់ការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់នគរបាល ពិសេសគឺការអនុវត្តនូវគោលនយោបាយស្តីពីភូមិ ឃុំសង្កាត់មានសុវត្ថិភាព។
ជាមួយនេះក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមចូលរួមសោកស្តាយចំពោះជនរងគ្រោះ ដែលបានបាតបង់នូវទ្រព្យសម្បត្តិដោយករណីចោរកម្មនេះ ទោះតិចតួច ប៉ុន្តែជារឿងគួរឱ្យសោកស្តាយបំផុត។
ទន្ទឹមនេះ លោកស្នងការខេត្ត សូមឱ្យមហាជនទូទៅពិសេសជនរងគ្រោះដោយករណីទាំងនេះ មេត្តាចូលរួមសហការផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចនគរបាលដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានមកស្នងការដ្ឋានតាមរយៈលេខទូរស័ព្ទដែលបានផ្សព្វផ្សាយជូននាពេលកន្លងមកតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាន ដើម្បីសមត្ថកិច្ចនគរបាលមានវិធានការឆ្លើយតបបានទាន់ពេលវេលានិងសូមអរគុណចំពោះអ្នកសារព័ត៌មានអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ដែលតែងតែផ្តល់នូវព័ត៌មានពិត ចែករំលែក នូវបញ្ហាទាក់ទងនឹងសន្តិសុខសង្គមដល់មហាជននិងសមត្ថកិច្ចនគរបាលបានដឹងទាន់ពេលវេលានិងមានវិធានការបានឆាប់រហ័សបំផុត៕
Comment