រដ្ឋបាលខេត្តកែប បានរៀបចំប្រារព្ធពិធីចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ព្រះវស្សាសាលាខេត្តកែបនៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣។
ពិធីនេះមានការចូលរួមពីសំណាក់ ស្ថាប័នក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងជួរថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ធ អភិបាលខេត្តកែប បានអានសារលិខិតថ្វាយព្រះពរ ចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងខ្លឹមសារលិខិតមានជាអាទិ៍ថា ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាត តាងនាមថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជារាស្ត្រ ទូទាំងខេត្តកំពត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំអោនកាយវាចាចិត្ត ក្រាបបង្គំសម្តែង ថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយចំពោះព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមសម្ដែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជហប្ញទ័យ និងព្រះរាជសកម្មភាពប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌របស់ព្រះអង្គក្នុងវិស័យសង្គមកិច្ច សុខុមាលភាព អប់រំសិក្សាធិការ ព្រះពុទ្ធសាសនា ដែលជាព្រះរាជសកម្មភាពរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រ ការកាត់បន្ថយភាពក្រីក្រ និងការស្តារអភិវឌ្ឍប្រទេសជាតិអោយមានសន្ទុះរីកចម្រើនជឿនលឿន ថ្កុំថ្កើង រុងរឿងយ៉ាងឆាប់រហ័ស។
ឯកឧត្តម សោម ពិសិដ្ធ អភិបាលខេត្តកែប បានអានខ្លឹមសារសារលិខិត ក៏បានសម្ដែងលំឱនកាយវាចាចិត្តសូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មានវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្ញទ្ធិបារមីទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមី នៃ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសូមព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មាយុយឺនយូរ និងប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។បន្ទាប់មកក្នុងអង្គពិធីទាំមូលអភិបាលខេត្តកែបបានរៀបចំពិធីរាប់បាតជូនដល់ព្រះសង្ឃចំនួន៧១អង្គដែលមកពីវត្តនានាទូទាំងខេត្តកែបដើម្បីជាកិច្ចបញ្ចប់។នៃពិធីនៅផងដែរ (សឹង រ៉ាត់)
Comment