ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវផ្សាយចាប់ល្ងាចថ្ងៃទី២៣ និងទី២៤ ខែកក្កដា។
នេះបើយោងតាមសេចក្តីជួនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន msj ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានជម្រាបជូនដំណឹងដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ឱ្យបានជ្រាបថា «គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង ១២:០០យប់ និងបន្តផ្សាយចាប់ពីម៉ោង ៨:០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣»។
គ.ជ.ប បានបញ្ជាក់បន្ថែមថា ចំពោះលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ។
សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ មានដូចខាងក្រោម៖ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក), វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz), ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP), គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News, Facebook គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee និង YouTube គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee ផងដែរ។
សម្រាប់ស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ក្នុងថ្ងៃទីដប់ប្រាំបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានគណបក្សនយោបាយ ចំនួន ១៨ បានឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតនេះផងដែរ៕
Comment