ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជាប់ពន្ធនាគារបានធ្វើសកម្មភាពលួចម៉ូតូបងថ្លៃខ្លួនឯង រួចគេចខ្លួនបាន៣ថ្ងៃ ត្រឡប់មកផ្ទះវិញត្រូវបានបងថ្លៃប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទីនៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ដេត បណ្តូល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរបុគ្គលិកធនាគារ។
ចំណែកជនសង្ស័យឈ្មោះ យិន ថារ៉ូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ត្រូវជាប្អូនថ្លៃ មានទីលំនៅភូមិសង្កាត់កើតហេតុ (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៦ខែករណីលួច។
ប្រភពដដែលបន្តថា កាលពីថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនទុកនៅមុខផ្ទះខ្លួនឯង ខណៈនោះជនសង្ស័យត្រូវជាប្អូនថ្លៃឃើញម៉ូតូជនរងគ្រោះក៏យកជិះទៅបាត់ លុះដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ទើបជនសង្ស័យត្រឡប់មកផ្ទះវិញក៏ត្រូវជនរងគ្រោះជាបងថ្លៃប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនតែម្ដង។
តាមចម្លើយសារភាពរបស់ជនសង្ស័យថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចម៉ូតូរបស់ជនរងគ្រោះដែលត្រូវជាបងថ្លៃរបស់ខ្លួនប្រាកដមែន ចំណែកម៉ូតូនោះខ្លួនបានដោះគ្រឿងបន្លាស់យកទៅដាក់បញ្ចាំអស់ហើយ ប៉ុន្តែក្រោយពីអស់គ្រឿងបន្លាស់ ក៏បានលក់ម៉ូតូនោះឲ្យទៅជនមិនស្គាល់ឈ្មោះយកប្រាក់ទៅលេងល្បែងចាញ់អស់តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕
Comment