• Today: November 21, 2024

ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ រឹបអូសគ្រឿងញៀន និងសារធាតុគីមីផ្សំជាង១០០គីឡូក្រាម


ភំ្នពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនបុរសម្នាក់ រឹបអូសគ្រឿងញៀន និងសារធាតុគីមីផ្សំជាង១០០គីឡូក្រាម។ 


ប្រភពដដែលបន្តថា អនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៤០នាទី កម្លាំងជំនាញការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា, លោកឧត្តសេនីយ៍ត្រី យឹម សែនឧត្ដម្ភ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ, លោកវរសេនីយ៍ត្រី ផៃ កុសល នាយរងការិយាល័យ ដោយមានការសម្របសម្រួលពីលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងនៃអាយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីកែច្នៃនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ដិនៅចំណុចផ្ទះលេខ៣៧ ផ្លូវលេខ២២ ភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន និងរឹបអូសគ្រឿងញៀន និងសារធាតុគីមីផ្សំជាង១០០គីឡូក្រាម។
ជនសង្ស័យឈ្មោះ ZHOU GUOCHAO  (ចូវ គ័រឆាវ) ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន និងចាប់យកវត្ថុតាងរួមមាន ៖ ១-សារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន ICE ទម្ងន់០៤គីឡូក្រាម.៦៨៤ក្រាម, ២-សារធាតុគីមីផ្សំ (Acetone ) ទម្ងន់ ០៣គីឡូក្រាម, ៣-សារធាតុគីមី(Ethanol)ទម្ងន់៤០គីឡូក្រាម, ៤-សារធាតុមិនច្បាស់ទម្ងន់៥៣គីឡូក្រាម ៤២៨ក្រាម, ៥-ជញ្ជីងតូចធំចំនួន០៥ គ្រឿង និងឧបករណ៍សំរាប់វេចខ្ចប់កែច្នៃគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕

Tags

Comment