(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសដាក់ឱ្យដំណើរការ និងផ្សព្វផ្សាយអំពីយុទ្ធនាការ «អាជីវកម្មទេសចរណ៍ឆ្នើមក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣» ស្របតាមទស្សនទាន IBEST ឱ្យបានកាន់តែល្អប្រសើរ សំដៅត្រៀមទទួលភ្ញៀវទេសចរប្រកបដោយគុណភាព និងទាក់ទាញកំណើនទេសចរអន្តរជាតិបន្ថែម។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាខានេះឡើង ក្រោមអធិបតីភាពឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក្រោមទស្សនទាន IBEST គឺសំដៅលើការគិតគូទៅលើគុណភាពសេវាកម្ម បរិស្ថាន សុវត្ថិភាព បច្ចេកវិទ្យា ព្រមទាំងការសម្រួលនូវការកក់ទុកសេវាកម្មជាដើម។
ឯកឧត្តម សុង តុងហាប់ បានឱ្យដឹងថា ទស្សនទាន IBEST ប្រៀបបាននឹងឯកសារបង្ហាញផ្លូវសម្រាប់អាជីវកម្មទេសចរណ៍ទាំងអស់ប្រើប្រាស់ជាមូលដ្ឋានសម្រាប់អនុវត្តប្រែតម្រូវនូវរាល់ផលិតផល និងសេវាកម្មរបស់ខ្លួនស្របតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងប្រើប្រាស់ចូលរួមគាំទ្រដល់វិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជម្រុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសភាគីឯកជនក្នុងវិស័យទេសចរណ៍ចូលរួមអនុវត្តនូវរាល់ប្រព័ន្ធចំណាត់ថ្នាក់ និងស្ដង់ដាគុណភាព, វិធានសុវត្ថិភាពទេសចរណ៍, នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី, និងយុទ្ធនាការគាំទ្រដែលក្រសួងទេសចរណ៍បានដាក់ចេញឱ្យអនុវត្ត ដើម្បីពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឆ្លើយតបនឹងនិន្នាការទេសចរណ៍ថ្មីៗដូចជាប្រព័ន្ធស្ដង់ដាវាយតម្លៃគុណភាពរបស់កម្ពុជា សម្រាប់សេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន (China Ready Accreditation) ដែលជាប្រព័ន្ធមួយអនុញ្ញាតឱ្យមូលដ្ឋានអាជីវកម្មត្រៀមខ្លួនជាមុនដើម្បីត្រៀមទទួលភ្ញៀវទេសចរចិន ដែលយើងរំពឹងថានឹងមានកំណើនក្នុងឆ្នាំ២០២៣នេះ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ត្រូវបង្កើតក្រុមការងារដោយមានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធ ពិសេសនាយកដ្ឋានទាក់ទងនឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដើម្បីតាមដានការអនុវត្តនេះ និងធ្វើការប្រជុំជាទៀងទាត់ជាមួយមន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ជាប្រចាំ។
ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ បានស្នើដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ធ្វើការងារជំរុញឱ្យមូលដ្ឋានអាជីវកម្មសេវាកម្មទាំងអស់ចូលរួមអនុវត្តទស្សនទាន IBESTនេះ ដោយមិនត្រឹមតែធ្វើការផ្សព្វផ្សាយ និងរង់ចាំការដាក់ពាក្យរបស់អាជីវករឡើយ គួរណាស់តែចុះណែនាំផ្ទាល់ និងផ្ដល់ជាឧទាហរណ៍នៃការអនុវត្តជាក់ស្ដែងដល់មូលដ្ឋានអាជីវកម្ម និងជំរុញឱ្យអាជីវកម្ម៕
Comment