ថ្ងៃចន្ទ ៦ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជំរឿនកសិកម្ម ឆ្នាំ២០២៣ ។
ដំណើរការវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យជំរឿនកសិកម្មព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ ជូនដល់មន្ត្រីជំរឿនកសិកម្ម ថ្នាក់ខេត្ត មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី ២៧-៣០ ខែមីនា ឆ្នាំ ២០២៣។ លោកបណ្ឌិតអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមគណៈកម្មការជំរឿនកសិកម្មខេត្ត ឆ្នាំ២០២៣ សម្រាប់ដំណើរការជំរឿន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវគារវៈកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ និងអំណរគុណដោយស្មោះចំពោះវត្តមានដ៏ថ្លៃថ្លារបស់ អស់លោក លោកស្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ជាមួយគ្នានេះដែរ ខ្ញុំសូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក លោកស្រី ដែលបានចែករំលែក ពេលវេលាដ៏មានតម្លៃចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់នាពេលនេះ ដែលនាំឱ្យអង្គពិធី ទាំងមូលមានភាព អធិកអធម គួរជាទីមោទនៈ និង សូមអបអរសាទរនិងលើកទឹកចិត្តកិច្ចខិតខំប្រឹងប្រែង របស់លោកប្រធានមន្ទីរផែនការខេត្ត និងក្រុមលេខាធិការដ្ឋានសម្រាប់ការអនុវត្ត ការងារជំរឿនកសិកម្ម ឆ្នាំ២០២៣ បានខិតខំបំពេញ ភារកិច្ច និងរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង អោយស្របទៅនឹងផែនការសកម្មភាព គណៈកម្មាធិការជំរឿនជាតិ ក្នុងក្របខណ្ឌទូទាំងប្រទេស ។ ផ្អែកតាមច្បាប់ស្តីពីស្ថិតិចែងថា ជំរឿនកសិកម្មនឹងត្រូវរៀបចំអនុវត្តរៀងរាល់១០ឆ្នាំម្ដង ផ្នែកតាមអនុក្រឹត្យ លេខ ៧៣ អនក្រ.បក ស្តីពីការកំណត់កាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិជំរឿនកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ បានប្រជុំពិនិត្យ និងសម្រេចកំណត់ កាលបរិច្ឆេទយោង នៃជំរឿនកសិកម្ម ចាប់ពីថ្ងៃទី០១-៣០ ខែមេសា ឆ្នាំ២០២៣។ ត្រូវបានសហការដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ដោយផ្អែកតាមស្ថានភាពនៃការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ពីរាជរដ្ឋាភិបាលកម្ពុជា និង អង្កការ FAO សម្រាប់អនុវត្តការងារបច្ចេកទេសផងដែរ។
ដំណើរអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា យើងអនុវត្តលើកទី១ កាលពីឆ្នាំ ២០១៣ ក្រោមការជួយឧបត្ថម្ភគាំទ្រដោយ អង្គការ FAO ហើយ លើកទី២ ឆ្នាំ២០២៣នេះ គឺប្រើប្រាស់ថវិការដ្ឋទាំងស្រុង។ ដំណើរការជំរឿនកសិកម្ម មានគោលបំណង សំខាន់គឺ៖
នេះគឺជាលើកទី២ហើយ ដែលប្រទេសដើម្បីទទួលបានទិនន័យស្ដីពីចំនួន លក្ខណៈប្រភេទ និងទំហំនៃអង្គភាពកសិកម្មមានជាអាទិ៍ សហគ្រាស កសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចងក្រងសំណុំឯកសារជាតិស្ដីពីសកម្មភាពវិស័យកសិកម្ម សម្រាប់ការរៀបចំគោលនយោបាយ យុទ្ធសាស្ត ផែនការសកម្មភាព និងគម្រោងនានា ដើម្បីជំរុញកិច្ចអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ច-សង្គមកិច្ច បរិស្ថាន វប្បធម៌ សុខុមាលភាពប្រជាជន និងការបំរែបំរួលអាកាសធាតុទទួលបាននូវបញ្ជីមេអង្គភាពកសិកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពនៃការរៀបចំបញ្ជីស្ថិតិអង្គភាពកសិកម្មនៅកម្ពុជា ផ្តល់បញ្ជីមេអង្គភាពកសិកម្មគ្រប់ប្រភេទ (Simpling Frame) សម្រាប់ការជ្រើសរើសសំណាកគំរូធ្វើអង្កេត កសិកម្ម ផ្តល់ទិន្នន័យកម្រិតតូចបំផុតកម្រិតតំបន់ មូលដ្ឋានឃុំ សង្កាត់ និងសមភាពយ៉េនឌ័រក្នុងវិស័យកសិកម្មនៅកម្ពុជា ផ្តល់បច្ចុប្បន្នទិន្នន័យស្តីពីរចនាសម្ព័ន្ធនៃការកាន់កាប់ផ្ទៃដីកសិកម្ម ការដាំដំណាំ ការចិញ្ចឹមសត្វចតុបាទនិង បសុបក្សី សកម្មភាពនេសាទនិងវារីវប្បកម្ម និងសកម្មភាពអនុផលព្រៃឈើនៅក្នុងដែនដីប្រទេសកម្ពុជា ផ្តល់ទិន្នន័យសម្រាប់គណនាវាស់វែងអំពីការផ្គត់ផ្គង់ និងប្រើប្រាស់ស្បៀងអាហារនៅកម្ពុជា គ្រួសារដែលងាយរងគ្រោះ ទិន្នន័យដែលអាចវាយតម្លៃលើផលប៉ះពាល់ពីកត្តាប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តល់ទិន្នន័យ សម្រាប់គណនាវាស់វែងកំណើនសេដ្ឋកិច្ច ឬតម្លៃបន្ថែមនៃវិស័យកសិកម្មនៅកម្ពុជា ផ្តល់ទិន្នន័យសម្រាប់បំពេញសូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ឆ្នាំ២០៣០ យើងទាំងអស់គ្នាបានជ្រាបច្បាស់ហើយ មកចូលរួមវគ្គបណ្តុះបណ្តាលស្តីពី វិធី វិធីសាស្ត្រប្រមូលទិន្នន័យជំរឿនកសិកម្ម នេះ គឺត្រូវរៀន ដើម្បីទទួលបានចំណេះ និង យកទៅអនុវត្តនៅតាមមូលដ្ឋាន ដូច្នេះដើម្បីទទួលបានចំណេះដឹងគឺត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងត្រូវសួរនៅ ចំណុចណាដែលមិនច្បាស់ឬតាមមិនទាន់មិនត្រូវសំងំទេ ព្រោះយើងបាន ចំណាយទាំងពេលវេលា និងថវិកាជាច្រើនសម្រាប់វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយនេះ។
Comment