• Today: November 21, 2024

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

 

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ជាភាសាខ្មែរ។ 


   សៀវភៅដ៏មានតម្លៃនេះ ដែលជាកំណត់ហេតុសំណេរដើម ស្តីពីតថភាពនៃព្រះរាជបូជនីយកិច្ច ដើម្បីជាតិ មាតុភូមិ និងប្រជានុរាស្ត្រកម្ពុជារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរពីទីក្រុងប៉េកាំងឆ្លងកាត់ការលំបាកនៅឆ្នាំ១៩៧៣ រយៈពេលមួយខែ ចូលមកកម្ពុជាដែលប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពវឹកវរ។ 
   សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” នេះ គឺជាមរតកមិនអាចកាត់ថ្លៃបានសម្រាប់អ្នកនយោបាយ បញ្ញវន្ត និងប្រជានុរាស្ត្រកម្ពុជាគ្រប់ៗជំនាន់ ជាពិសេសភាពទន់ភ្លន់តែរឹងមាំនៅក្នុងព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនៈគ្រប់ជ្រុងជ្រោយនៃព័ត៌មានក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ នៃ សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ គឺពិតជាបានរួមវិភាគទានយ៉ាងធំធេងដល់ការតស៊ូរំដោះជាតិ មាតុភូមិ ដើម្បី ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងក្តីសុខក្សេមក្សាន្តរបស់ប្រជានុរាស្ត្រកម្ពុជា ក្រោម ម្លប់សន្តិភាព។ ខ្ញុំម្ចាស់ សូមប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះ និងព្រះរាជវីរៈគំរូ នៃ សម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជារៀងដរាបតទៅ។ 
   សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមលំឱនកាយលើកហត្ថប្រណមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះ បារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាល ប្រោះព្រំគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 
  សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់៕

Tags

Comment