• Today: November 21, 2024

ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគម្រោងកែលម្អផ្លូវជនបទជំហានទី៣

ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានអញ្ជើញដឹកនាំក្រុមការងារ ទៅពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ មានប្រវែង ៦១.២៣ គ.ម ដែលបញ្ចប់ជារួចរាល់១០០% នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ។ ផ្លូវនេះមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧៣ ត្រង់ចំណុះឃុំឆ្លូង ទៅដល់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។


ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា៖ គម្រោងកែលម្អផ្លូវជនបទជំហានទី៣ ជាគម្រោងរបស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយធ្វើការកែលម្អផ្លូវក្រាលក្រួសក្រហមនៅជនបទ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដាច់ស្រយ៉ោល ងាយស្រួលទៅកាន់ទីផ្សារ ស្វែងរកការងារធ្វើ ងាយស្រួលក្នុងការទទួលបានសេវាសង្គម និងផ្ដោតការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពសង្គម ភាពធននិងអាកាសធាតុ និងធ្វើឲ្យមានប្រសិទ្ធភាពធ្វើដំណើរគ្រប់រដូវកាល ក្នុងតំបន់ដែលមានវិសាលភាពវិស័យកសិកម្មខ្ពស់ ។
លោក លឹម ជាហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ មានប្រសាសន៏ថា៖ គម្រោងកែលម្អផ្លូវជនបទជំហានទី៣ ពីឆ្លូង  ទៅប្រម៉ា មានប្រវែង ៦១.២៣ គ.ម ដែលបញ្ចប់ជារួចរាល់១០០% ហើយក្រុមហ៊ុនដែលបានសាង់សង បានធានារយះពេល២ឆ្នាំបន្តទៀត ទៅលើគុណភាពប្រើប្រាស់ផ្លូវ បន្ថែមនេះទៅទៀតមន្ទីរ និងមានគម្រោងកែលម្អផ្លូវជនបទ ពីផ្លូវក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូ ចំនួន១៤ខ្សែ ដែលមានប្រវែង១៣៤.៧០ គ.ម ដែលកាត់ស្រុក ចំនួន៣ និងក្រុង១ និងអាចសាងសងនៅចុងឆ្នាំ២០២៣ខាងមុខនេះ ចំពោះការអភិវឌ្ឍន៍នានា ដែលមានឡើងមកសព្វថ្ងៃនេះ គឺដោយសារតែប្រទេសយើងមានសុខសន្ដិភាពពេញពេល ក្រោមការដឹងនាំដ៏ត្រឹមត្រូវ របស់សម្ដេច ហ៊ុន សែន ។ 
លោកបន្តថា ដើម្បីធានាដល់ការគ្រប់គ្រង និងអភិវឌ្ឍផ្លូវជនបទ ដែលមានការចូលរួមដ៏ទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធ និងធានាបាននូវប្រសិទ្ធភាព អំពាវនាវអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាជនត្រូវចូលរួមឲ្យបានសកម្ម ក្នុងការថែរក្សាផ្លូវរបស់យើង ពិសេសចូលរួម ក្នុងការទប់ស្កាត់ឲ្យបាន នូវការផ្ទុកលើសទម្ងន់កម្រិតកំណត់របស់រថយន្ត បើកបរលើផ្លូវកៅស៊ូរបស់យើង ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង និងរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកកាត់បន្ថយអត្រាមរណៈ ដោយសារគ្រោះថ្នាក់ចរាចរ និងថែរក្សាសុវត្ថិភាពទ្រព្យសម្បត្តិ ជាពិសេសអាយុជីវិតរបស់យើង និងក្រុមគ្រួសាររបស់យើង។ 

Tags

Comment