ព្រះសីហនុៈប្រជាពលរដ្ឋរាប់រយគ្រួសារទ្រាំលែងបាននឹងក្លិនស្អុយភាយចេញពីគំនរសំរាមរបស់ ក្រុមហ៊ុនប្រមូលសំរាមនៅ ក្រុងព្រះសីហនុ ដែលយកសំរាមមកស្ដុកទុកនៅទីប្រជុំជនស្ថិតក្នុង ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បាននាំគ្នាផ្ដិតមេដៃស្នើសុំអាជ្ញាធរក្រុងជួយដោះស្រាយធ្វើយ៉ាងណាឱ្យក្រុមហ៊ុនឈប់យកសំរាមមកស្ដុកទុកទីតាំងខាងលើជាច្រើនដងតែពុំមានដំណោះស្រាយអ្វីឡើយ។
រហូតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋទាំងនោះនាំគ្នាប្រមូលផ្តុំនៅមុខទីតាំងគំនរសំរាមដើម្បីស្នើឱ្យ អ្នកសារព័ត៌មាន ជួយចុះផ្សាយពីទុក្ខលំបាក នៃការរស់នៅរបស់ពួកគាត់ដើម្បីជំរុញឱ្យ ក្រុមហ៊ុនប្រមូលសំរាម និងអាជ្ញាធរ ក្រុងព្រះសីហនុ មានដំណោះស្រាយឱ្យបានឆាប់ព្រោះស៊ូទ្រាំហិតក្លិនស្អុយតាំងពី ឆ្នាំ២០១៧ មកម្ល៉េះបណ្ដាលឱ្យផលប៉ះពាល់សុខភាពក្នុងការរស់នៅជាប្រចាំថ្ងៃ។
ក្រុមហ៊ុនប្រមូលសំរាម ក្រុងព្រះសីហនុ «ខេអេសដាប់ប៊ិលយូអិម» (KSWM) បានទទួលសិទ្ធិវិនិយោគលើវិស័យសេវាប្រមូលសំរាម ក្រុងព្រះសីហនុ ចាប់តាំងពី ឆ្នាំ២០១៧ បន្តពី ក្រុមហ៊ុនស៊ិនទ្រី។ កាលពី ក្រុមហ៊ុនស៊ិនទ្រី ប្រតិបត្តិការប្រមូលសំរាមក៍ប្រមូលសំរាមយកមកស្ដុកទុកអីចឹងដែរមុននឹងដឹកជញ្ជូនបន្តទៅចោលនៅទីលានចាក់សំរាម តែពុំបានជះក្លិនស្អុយយ៉ាងដូច្នេះទេ។ ព្រោះកាលអំឡុងពេលមុន ឆ្នាំ២០១៧ នោះសំរាមមានចំនួនតិចគឺក្នុងមួយថ្ងៃមានត្រឹម១៥០ទៅ២០០តោនប៉ុណ្ណោះទើប ក្រុមហ៊ុនស៊ិនទ្រី ប្រមូលដឹកជញ្ជូនបន្តទៅចាក់នៅ ទីលានសំរាម បានទាន់ពេលវេលា។
នៅពេល ក្រុមហ៊ុនប្រមូលសំរាម ក្រុងព្រះសីហនុ «ខេអេសដាប់ប៊ិលយូអិម» (KSWM) ទទួលបានសិទ្ធិវិនិយោគបន្តពី ក្រុមហ៊ុនស៊ិនទ្រី មក ក៍នៅតែអនុវត្តតាមទម្លាប់ចាស់ដដែល ខណៈសំរាមមានការកើនឡើងទ្វេដង គឺមានជាង៤០០ទៅ៥០០តោនក្នុងមួយថ្ងៃ ដែលជាហេតុធ្វើឱ្យសំរាមគរចោលយូរថ្ងៃដោយដឹកជញ្ជូនបន្តយកទៅចាក់ចោលនៅ ទីលានចាក់សំរាម មិនទាន់ពេលវេលាបង្កទៅជាក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដជុំវិញ។ នេះបើយោងតាមការឱ្យដឹងពី ពលរដ្ឋមូលដ្ឋានភូមិសង្កាត់។
មាត្រា១ នៃអនុក្រឹត្យ រាជរដ្ឋាភិបាលកម្ពុជា លេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនចែងថា អនុក្រឹត្យនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង សំរាម សំណល់រឹង នៅទីប្រជុំជនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅបាននូវសោភ័ណភាព កិច្ចគាំពារសុខុមាលភាពសារធារណៈ និងបរិស្ថានល្អ។ ក៍ប៉ុន្តែផ្ទុយទៅវិញពលរដ្ឋមានការលំបាកយ៉ាងខ្លាំងក្នុងការរស់នៅបានស្នើសុំទៅ ក្រុងព្រះសីហនុ ម្ដងហើយម្ដងទៀត រដ្ឋបាលក្រុងពុំបានអើពើយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់ឡើយ។ នេះបើយោងតាមការលើកឡើងរបស់ពលរដ្ឋកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅមុខកន្លែងស្ដុកសំរាមរបស់ក្រុមហ៊ុន។
មាត្រា៩ នៃអនុក្រឹត្យ លេខ១១៣ បានចែងទៀតថា រដ្ឋបាលរាជធានី ក្រុង ស្រុក មានតួនាទីក្នុងការគ្រប់គ្រង សំរាម សំណល់រឹង ទីប្រជុំជនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងមានភារកិច្ចជាច្រើនទៀតដើម្បីធានាថា ទីក្រុងស្អាត បរិស្ថានល្អ។
អ្នកគ្រប់គ្រង ក្រុមហ៊ុនប្រមូលសំរាម ក្រុងព្រះសីហនុ ដែលមិនប្រាប់ឈ្មោះមានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្វីត្បិតក្រុមហ៊ុនរបស់លោកពុំទាន់អាចស្វែងរកទីតាំងថ្មីបាន។ ក៍ប៉ុន្តែក្រុមហ៊ុនតែងតែបាចម្សៅជីអិម ដើម្បីបំបាត់ក្លិនស្អុយជាញឹកញាប់ និងឧស្សាហ៍លាងសម្អាតផ្លូវផងដែរ។
អ្នកគ្រប់គ្រងក្រុមហ៊ុនប្រមូលសំរាមប្រចាំ ក្រុងព្រះសីហនុ ក៍សូមអំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយសម្របសម្រួលរកទីតាំងថ្មីសម្រាប់ក្រុមហ៊ុនលោកស្ដុកសំរាមផងដើម្បីចៀសវាងផលប៉ះដល់ការរស់នៅរបស់ពលរដ្ឋតទៅទៀត។
ជុំវិញបញ្ហាខាងលើលោក សរ កក្កដា អភិបាល ក្រុងព្រះសីហនុ ពុំអាចសុំសេចក្ដីអធិប្បាយផ្ដល់ព័ត៌មានពិស្ដារបានទេ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ តាមប្រព័ន្ធតេឡេក្រាម គឺលោកមិនឆ្លើយតបនឹងសំណួរ ហើយតាមទូរស័ព្ទហៅចូលក៍មិនទទួលដែរ។
ពលរដ្ឋបានលើកឡើងថា អភិបាលក្រុង តែងគេចវេះពីភាពទទួលខុសត្រូវ ភូតកុហកប្រជាពលរដ្ឋថា ម្ដងថ្ងៃនេះ ថ្ងៃនោះ ដោះសារយករួចខ្លួនរហូត...។ ពលរដ្ឋផ្ដិតមេដៃស្នើសុំរដ្ឋបាល ក្រុងព្រះសីហនុ ជួយដោះស្រាយបញ្ហាពួកគាត់ឡើងជិតសឹកក្រយៅមេដៃអស់ហើយសាលា ក្រុងព្រះសីហនុ នៅតែមិនអើពើសោះឡើយ។
លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ខែត្រព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ក៍ពុំអាចសុំការបំភ្លឺបានដែរតាមប្រព័ន្ធទូរស័ព្ទទាក់ទង នឹងបរិស្ថាន កខ្វក់ខាងលើនៅទីប្រជុំជនដែលពលរដ្ឋកំពុងតែរស់នៅ។
គួររំលឹកថា បើក្រុមហ៊ុនប្រមូលសំរាម ពុំមានសមត្ថភាពប្រមូលសំរាម បានត្រឹមត្រូវទាន់ពេលវេលា ឬអនុវត្តមិនបានតាមការសន្យារបស់ខ្លួនជាមួយសាលា ក្រុងព្រះសីហនុ រដ្ឋបាលក្រុង មានសិទ្ធិបញ្ចប់កិច្ចព្រមព្រៀងភ្លាម និងសាលា ក្រុងព្រះសីហនុ មានសិទ្ធិដាក់ដេញថ្លៃរកដៃគូសហការថ្មីដែលអាចធ្វើបាន។ នេះបើយោងតាមប្រសាសន៍អតីតអភិបាល ក្រុងព្រះសីហនុ ធ្លាប់លើកឡើងកាលពី ឆ្នាំ២០១៨៕
Comment